នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ ចក្រភពអង់គ្លេសបានកោះអញ្ជើញប្រេសិតអ៊ីស្រាអែល ដើម្បីបង្ហាញក្ដីព្រួយបារម្ភ និងទាមទារឲ្យមានការពន្យល់ អំពីការប្រព្រឹត្តិ ចំពោះសកម្មជនកងនាវាផ្ដល់ជំនួយ Global Sumud ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបានឲ្យដឹងថា ខ្លួនបានកោះអញ្ជើញភារធារីអ៊ីស្រាអែល បន្ទាប់ពីមាននូវ «វីដេអូបង្កហេតុដែលបង្ហោះដោយរដ្ឋមន្ត្រី (សន្តិសុខជាតិ) អ៊ីស្រាអែល លោក Itamar Ben-Gvir»។
សេចក្ដីថ្លែងការណ៍បានកត់សម្គាល់ថា៖ «ការកោះហៅនេះ ឆ្លុះបញ្ចាំងពីការថ្កោលទោសយ៉ាងខ្លាំងរបស់ចក្រភពអង់គ្លេស ចំពោះអាកប្បកិរិយារបស់លោក ក្នុងការចំអកអ្នកដែលពាក់ព័ន្ធនឹងកងនាវាផ្ដល់ជំនួយ Global Sumud។ អាកប្បកិរិយានេះ រំលោភលើស្តង់ដារជាមូលដ្ឋានបំផុតនៃការគោរព និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្ស»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងក៏មានក្ដីបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះស្ថានភាពនៃការឃុំខ្លួនដែលបានបង្ហាញ ហើយបានទាមទារឲ្យមានការពន្យល់ពីអាជ្ញាធរអ៊ីស្រាអែល»។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ខ្លួនបានបញ្ជាក់យ៉ាងច្បាស់ អំពីកាតព្វកិច្ចរបស់ពួកគេ ក្នុងការការពារសិទ្ធិរបស់អ្នកដែលពាក់ព័ន្ធទាំងអស់។
គួរបញ្ជាក់ថា លោក Ben-Gvir បានបង្ហោះវីដេអូនេះនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធ ដោយបង្ហាញខ្លួនឯង កំពុងចំអកឲ្យសកម្មជនគាំទ្រប៉ាឡេស្ទីន ដែលត្រូវបានចងក្រពាត់ដៃទៅក្រោយ និងបង្ខំឲ្យលុតជង្គង់បន្ទាប់ពីត្រូវបានឃុំខ្លួនដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងដែនទឹកអន្តរជាតិ។ រដ្ឋមន្ត្រីរូបនេះ បានបង្កឲ្យមានការខឹងសម្បា ទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីរូបលោកបានបង្ហោះវីដេអូរយៈពេល ១នាទីនោះ។
កងនាវាដែលដឹកមនុស្ស ៤២៨នាក់ មកពី ៤៤ប្រទេស បានចេញដំណើរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនពីតំបន់ Marmaris របស់ប្រទេសទួរគី ជាការប៉ុនប៉ងថ្មី ដើម្បីទម្លាយការបិទផ្លូវខុសច្បាប់របស់អ៊ីស្រាអែលដែលបានដាក់លើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧៕