រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារសាងសង់លូប្រអប់ ចំនួន ៦ និងលូមូលចំនួន ៦ កន្លែង ស្ថិតនៅដីសម្បទានសង្គមកិច្ច ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលគម្រោងទាំងនេះ នឹងសម្រួលដល់ការធ្វើដំណើរអតីតយុទ្ធជនរាប់រយគ្រួសារនៅតំបន់នោះ។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈ កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារសាងសង់ លូប្រអប់មុខបួនចំនួន ២ កន្លែង, លូប្រអប់មុខបីចំនួន ២, លូប្រអប់មុខពីរចំនួន ១, លូប្រអប់មុខមួយចំនួន ១ និងលូមូលមុខបី ១ កន្លែង, លូមូលមុខពីរ ៤ កន្លែង, និងលូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅដីសម្បទានសង្គមកិច្ច នៅភូមិ១ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញគម្រោងសាងសង់លូ នៅក្នុងមូលដ្ឋានខាងលើនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់អតីតយុទ្ធជន ក៏ដូចជាពលរដ្ឋដែលធ្វើការឆ្លងកាត់ ក្នុងនោះប្រសិនមានផ្លូវតែអត់ស្ពាន វានឹងបង្កឱ្យមានផល ប៉ះពាល់ជាច្រើនដូចជា ការធ្វើដំណើរជួបការលំបាក ការប៉ះពាល់ដល់ដំណាំរួមផ្សំនានា (នៅពេលដល់រដូវភ្លៀង) និងការរកស៊ីទទួល ទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជនជាដើម។ ឯកឧត្តម សង្កត់ធ្ងន់ថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាម ជនជទនេះ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាន ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បំផុត និងបានកំពុងបន្តនូវបេសកម្មប្រកបដោយបុរេសកម្ម។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំសាងសង់លូទាំងអស់ខាងលើនេះ អនុវត្តបានតាមផែនការ និងសម្រេចបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ និងអតីតយុទ្ធជនដែលកំពុងរស់នៅមូលដ្ឋាន ខាងលើនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញដល់ដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជនផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី












