បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុច ភូមិមិត្ដភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានស្មើឲ្យអាជ្ញាធរក្រុង សង្កាត់ប៉ោយប៉ែត ជួយជួសជុលផ្លូវលំមួយខ្សែក្នុងមូលដ្ឋាន រស់នៅរបស់ពួកគាត់ ដោយរដូវវស្សា ឬពេលមានភ្លៀងធ្លាក់ម្តងៗ សូម្បីតែជិះកង់ ម៉ូតូ ក៏ពិបាកធ្វើដំណើរផងដែរ។
ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងអស់តែងតែគៀងគរនាំគ្នាប្រមូលថវិកា ដើម្បីទិញដីចាក់ផ្លូវជាមួយខាងអាជ្ញាធរភូមិជាអ្នកសម្របសម្រួល ប៉ុន្តែខណៈពេលមានវិបត្តិកូវីដ នេះពួកគាត់គ្មានលទ្ធភាពរកប្រាក់ចំណូលដើម្បីរកថវិកាមកទិញដីចាក់ផ្លូវនោះទេ ដូច្នេះទើប ស្នើសុំឲ្យអាជ្ញាធរជួយសម្រួលចំពោះបញ្ហាទាំងអស់នេះផង ព្រោះកន្លងមកនៅចំណុចភូមិមិត្តភាពនេះ ទីតាំងខ្លះក៏ទទួលបានផ្លូវល្អជាបេតុងហើយ ទីតាំងខ្លះទៀតក៏ពុំបានទទួលផ្លូវល្អសំរាប់ការធ្វើដំណើរនោះទេ ជាក់ស្តែងនៅត្រង់ចំណុចភូមិមិត្តភាពនេះតែម្តង។
ពាក់ព័ន្ធបញ្ហាប្រឈមនេះដែរលោក សន មន្នី មេភូមិមិត្តភាព បានឲ្យដឹងថា កន្លងមកក្នុងនាមលោកជាមេភូមិតែងតែទទួលនូវរាល់សំណូមពរ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន និងបានដាក់សំណើរជូនទៅខាងសង្កាត់ប៉ោយប៉ែត ជាញឹកញាប់ទៅតាមអ្វីដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរ រាល់បញ្ហាលំបាក ប៉ុន្តែខាងសង្កាត់ប៉ោយប៉ែត ក៏ដូចជាសាលាក្រុងគឺពុំមានចម្លើយឬក៏ចំណាត់ការណាមួយសំរាប់ជាការដោះស្រាយមកឲ្យថ្នាក់ក្រោមនោះឡើយ។កត្តាទាំងអស់នេះ ហើយគឺជាបញ្ហាប្រឈមមួយដ៏ស្មុគស្មាញសំរាប់អាជ្ញាធរថ្នាក់ក្រោមក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
យ៉ាងណាម៉ិញលោក គាត ហុល អភិបាលក្រុងប៉ោយប៉ែតBTV មិនអាចសុំការស្រាយបំភ្លឺបានទេដោយសារទូរស័ព្ទរបស់លោកមិនអាចធ្វើការទំនាក់ទំនងបាន៕ អត្ថបទ៖ ឃិន សារិទ្ធ





