មានមនុស្សយ៉ាងហោចណាស់ ៤នាក់ បានបាត់បង់ជីវិត និង ៦នាក់ផ្សេងទៀត រងរបួស នៅពេលដែលអគារកម្ពស់ ៤ជាន់មួយខ្នង បានបាក់រលំ នាពេលយប់ នៅក្នុងទីក្រុង Fez ដោយមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ នៅភាគខាងកើតនៃទីក្រុង Rabat របស់ប្រទេសម៉ារ៉ុក។ នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃពុធ (ទី២០ ខែឧសភា ឆ្នាំ២០២៦)។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ 2M បានរាយការណ៍ថា មានអ្នកស្លាប់ ១១នាក់ មុនពេលចេញការកែតម្រូវជាផ្លូវការ។ អាជ្ញាធរបានឲ្យដឹងថា ការស្វែងរកអ្នកផ្សេងទៀតដែលអាចកប់នៅក្រោមអគារនោះ កំពុងបន្ត។ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញវីដេអូរបស់អ្នកជួយសង្គ្រោះ និងអ្នកស្រុក កំពុងជីកកកាយតាមគំនរបាក់បែក។
អាជ្ញាធរ បានបញ្ជាក់ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមឡើង ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ហើយអ្នកស្រុកនៅក្បែរអគារជាប់គ្នា ត្រូវបានសុំឲ្យចាកចេញជាការប្រុងប្រយ័ត្ន ដោយភ័យខ្លាចថា មានការបាក់រលំបន្ថែមទៀត។
ទីក្រុង Fez ជាអតីតរដ្ឋធានីដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៨ និងជាទីក្រុងដែលមានប្រជាជនច្រើនបំផុតទី៣ របស់ប្រទេស បានឃើញមានឧប្បត្តិហេតុស្រដៀងគ្នានេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងនោះរួមទាំងហេតុកាណ៍ ក្នុងខែធ្នូ ឆ្នាំ២០២៥ នៅពេលដែលអគារចំនួន ២ បានបាក់រលំ ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២២នាក់ស្លាប់៕