អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) នេះ បានអំពាវនាវដល់អាជ្ញាធរអ៊ីស្រាអែលឲ្យបញ្ឈប់ផែនការបង្ខំប្រជាជនប៉ាឡេស្ទីនឲ្យផ្លាស់ទីលំនៅចេញពីសហគមន៍ Bedouin របស់ភូមិ Khan al-Ahmar នៅភាគខាងកើតនៃទីក្រុងហ្ស៊េរុយសាឡឹមខាងកើត (East Jerusalem) ដែលត្រូវបានកាន់កាប់ ដោយព្រមានថា វិធានការឲ្យរើចេញនេះ អាចស្មើនឹង «ឧក្រិដ្ឋកម្មសង្គ្រាម»។
តាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម X អង្គការនេះ បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានណែនាំការចាប់ផ្តើមនីតិវិធី ដើម្បីឲ្យប្រជាជនផ្លាស់ទីលំនៅដោយបង្ខំ និងបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ។
អង្គការលើកលែងទោសអន្តរជាតិនេះ បានឲ្យដឹងទៀតថា លោក Smotrich បានភ្ជាប់ចំណាត់ការនេះ ទៅនឹងរបាយការណ៍ ទាក់ទងនឹងសំណើរបស់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីឲ្យចេញដីកាចាប់ខ្លួន ចំពោះរូបលោក ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អង្គការលើកលែងទោសអន្តរជាតិបានសង្កត់ធ្ងន់ថា «ការបង្ខំឲ្យរើចេញដោយខុសច្បាប់នេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយអាចបង្កើតបានជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដោយពិពណ៌នាអំពីការគំរាមកំហែងឲ្យផ្លាស់ទីលំនៅនេះថា ជា «វិធានការសងសឹកប្រឆាំងនឹងយុត្តិធម៌អន្តរជាតិ ដែលបង្ហាញពីវិសាលភាពនៃការមិនអើពើរបស់អ៊ីស្រាអែល ចំពោះច្បាប់អន្តរជាតិ។
អង្គការនេះបានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការ «បន្ទាន់» ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងបានជំរុញឲ្យរដ្ឋភាគី នៅ ICC បដិសេធវិធានការសងសឹកណាមួយ ប្រឆាំងនឹងតុលាការនេះ ហើយគាំទ្រកិច្ចប្រឹងប្រែងយកអ្នកដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឲ្យទៅទទួលខុសត្រូវ ចំពោះមុខច្បាប់៕