អ៊ីស្រាអែលនិយាយថា ពួកគេបាននិរទេសខ្លួនសកម្មជនបរទេសទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លំាងអ៊ីស្រាអែល ក្រោយពេលពួកគេវាយប្រហារកងនាវាដឹកជំនួយហ្កាហ្សា កាលពីដើមសប្តាហ៍នេះ ។ ការនិរទេសខ្លួននេះដែរ បានកើតឡើង បន្ទាប់ពីការតវ៉ាសកល ចំពោះទង្វើរបស់កងកម្លាំងអ៊ីស្រាអែលលើក្រុមសកម្មជន អំឡុងពេលជាប់ឃុំ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលលោក Oren Marmorstein និយាយនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មជនទាំងអស់មកពីកងនាវាដឹកជំនួយហ្កាហ្សា PR ត្រូវបាននិរទេសខ្លួនចេញពីអ៊ីស្រាអែល ។
លោកថា អ៊ីស្រាអែលនឹងមិនបណ្តោយឲ្យមានការបំពានណាមួយលើការបិទផ្លូវស្របច្បាប់របស់កងទ័ពជើងទឹកលើតំបន់ហ្កាហ្សានោះទេ ។
មុននេះ មជ្ឈមណ្ឌលច្បាប់សម្រាប់សិទ្ធិជនជាតិភាគតិចអារ៉ាប់(Adalah) និយាយប្រាប់កាសែត Al Jazeera ថា ភាគច្រើននៃសកម្មជនចាប់ជម្រិតប្រហែល ៤៣០នាក់ ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាន Ramon ស្ថិតនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែល ជាទីដែលពួកគេនឹងត្រូវនិរទេសខ្លួន ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ កងកម្លាំងអ៊ីស្រាអែល បានបញ្ចប់ការស្កាត់កងនាវាដឹកជំនួយហ្កាហ្សា Global Sumud ជាង ៥០គ្រឿង ពេលដែលពួកគេធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា នៅក្នុងដែនទឹកអន្តរជាតិ ៕