ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Bandar Abbas ដែលជាទីក្រុងកំពង់ផែស្ថិតនៅជិតច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយរៀបរាប់ពីក្តីបារម្ភ និងការភ័យខ្លាចរបស់ពួកគេ ចំពោះភាពតានតឹងផ្នែកយោធា នៅច្រកទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ ។
លោក Ali គឺជាគ្រូបង្រៀនហែលទឹកវ័យ ៤៤ឆ្នាំមួយរូប និយាយថា សំឡេងផ្ទុះ និងសំឡេងយន្តហោះចម្បាំង បានធ្វើឲ្យស្ថានភាពកាន់តែលំបាកខ្លាំងបំផុត ។
បើទោះបីជាមានភាពតានតឹងយ៉ាងណាក្តី ពលរដ្ឋមួយចំនួនត្រូវបានគេមើលឃើញនាំគ្នាហែលទឹកលេងដដេល ក្នុងនោះនាវាដឹកទំនិញ និងនាវាដឹកប្រេង ត្រូវបានគេមើលឃើញពីចម្ងាយ ។
សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រដ៏សំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ១ភាគ ៥នៃថាមពលសកល ។
បទឈប់បាញ់ដ៏រង្គោះរង្គើរនេះ បន្តចូលជាធរមាន នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមជាមួយការវាយប្រហារពួតដៃគ្នារបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ហើយក្រោយមកអ៊ីរ៉ង់ បានវាយប្រហារលើបណ្តារដ្ឋក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាសហរដ្ឋអាមេរិក ហើយនិងការប្រយុទ្ធគ្នា បានផ្ទុះឡើង រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់៕