ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)លោក Fatih Birol និយាយនៅថ្ងៃព្រហស្បតិ៍នេះដោយពុំបានបរិយាយអ្វីច្រើនថា ការចាប់ផ្តើមចំណុចកំពូលនៃតម្រូវការប្រេងរដូវក្តៅ បូករួមទាំកង្វះខាតការនាំចេញប្រេងថ្មីពីតំបន់មជ្ឈិមបូព៌ា និងការអស់ស្តុក អាចនឹងជំរុញឲ្យទីផ្សារប្រេងឈានដល់តំបន់ក្រហមនៅខែកក្កដា-ស៊ីហាខាងមុខនេះ ។
លោក Birol និយាយក្នុងសុន្ទរកថានៅឯវិទ្យាសា្ថនស្រាវជ្រាវ Chatham House ស្ថិតក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេសថា ពិភពលោកបានឈានចូលដល់វិបត្តិផ្គត់ផ្គង់ប្រេង ដោយសារសង្រ្គាមអ៊ីរ៉ង់ ក្នុងនោះប្រេងលើសបានជួយកាត់បន្ថយការហក់ឡើងខ្ពស់តម្លៃប្រេង ប៉ុន្តែបច្ចុប្បន្នស្តុកកាន់តែខើចណាស់ទៅហើយ ។
លោក Birol និយាយទៀតថា វាគឺជាការបញ្ចេញទុនប្រេងបម្រុងដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត ហើយការផ្គត់ផ្គង់ប្រេងបច្ចុប្បន្នហូរចូលទីផ្សារក្នុងអត្រាប្រហែល ២,៥លានបារ៉ែល ដល់ ៣លានបារ៉ែល ក្នុង ១ថ្ងៃ ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររបស់លោក ត្រៀមខ្លួនរួចរាល់ ក្នុងការសម្របសម្រួលបញ្ចេញប្រេងបន្ថែមទៀត បើសិនជាចាំបាច់ខ្លាំង ។
សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ទីភ្នាក់ងារ IEA ដែលមានសមាជិក ៣២ប្រទេស បានសម្របសម្រួលបញ្ចេញប្រេង ៤០០លានបារ៉ែល ពីទុនប្រេងបម្រុងយុទ្ធសាស្រ្តរបស់ពួកគេ ដើម្បីរម្ងាត់អារម្មណ៍ទីផ្សារ ៕