លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២១ឧសភា សប្ដាហ៍នេះថា លទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានចរចាជាមួយប្រទេសគុយបា នៅទាបនៅឡើយក្នុងពេលនេះ។
លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលចាកចេញទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅប្រទេសស៊ុយអែតថា ក្នុងពេលនេះ ពួកលោកនឹងបន្តធ្វើអ្វីដែលត្រូវធ្វើ។

សហរដ្ឋអាមេរិកថ្មីៗនេះបានចោទប្រកាន់មេដឹកនាំបដិវត្តន៍គុយបា លោក Raul Castro ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះពីរគ្រឿងដោយយោធាគុយបាកាលពី៣០ឆ្នាំមុន និងបានបញ្ជូនក្រុមនាវា ផ្ទុកយន្តហោះវាយប្រហារ Nimitz ទៅកាន់តំបន់សមុទ្រការ៉ាអ៊ីព ជាសកម្មភាព ដែលត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធកាន់តែទូលំទូលាយប្រឆាំងនឹងប្រទេសគុយបា។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា នឹងមិនមានការកើនឡើងភាពតានតឹងនៅក្នុងប្រទេសគុយបាទេ។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel នៅថ្ងៃដដែលនោះ បានស្ដីបន្ទោសការចោទប្រកាន់របស់រដ្ឋាភិបាលអាមេរិកលើមេដឹកនាំបដិវត្តន៍គុយបា លោក Castro ដោយសង្កត់ធ្ងន់ថា ប្រជាជនគុយបានឹងមិនអត់ឱនចំពោះការប្រមាថប្រឆាំងនឹងប្រវត្តិសាស្ត្រ និងវីរបុរសជាតិរបស់ពួកគេឡើយ។

លោកក៏បានហៅការចោទប្រកាន់របស់សហរដ្ឋអាមេរិកលើលោក Castro ថាជា «ល្បិចកលនយោបាយ» ដែលគ្មានមូលដ្ឋានច្បាប់ផងដែរ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «កំពុងកុហក និងរៀបចំព្រឹត្តិការណ៍ជុំវិញការបាញ់ទម្លាក់យន្តហោះខ្នាតតូច ដែលជាកម្មសិទ្ធិរបស់អង្គការភេរវកម្មគ្រឿងញៀន Brothers to the Rescue៕