កំណត់ត្រាថ្មីមួយត្រូវបានបង្កើតឡើងនៅលើកំពូលភ្នំ Mount Everest បន្ទាប់ពីមានអ្នកឡើងភ្នំសរុបចំនួន ២៧៤ នាក់ បានឡើងដល់កំពូលភ្នំខ្ពស់ជាងគេលើពិភពលោកនេះ ក្នុងថ្ងៃតែមួយកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅពីផ្លូវឡើងខាងប្រទេសនេប៉ាល់។
ចំនួននេះបានបំបែកកំណត់ត្រាចាស់ ដែលធ្លាប់មានអ្នកឡើងដល់កំពូលចំនួន ២២៣ នាក់ ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
ទោះបីមានការព្រួយបារម្ភអំពីភាពកកស្ទះ និងហានិភ័យនៅលើភ្នំក៏ដោយលោក Rishi Bhandari អគ្គលេខាធិការសមាគមប្រតិបត្តិករទេសចរណ៍ឡើងភ្នំរបស់នេប៉ាល់ បានបញ្ជាក់ថា អ្នកឡើងភ្នំត្រូវបានបែងចែកតាមជំរំ និងតំបន់ផ្សេងៗគ្នា ដើម្បីកាត់បន្ថយការកកស្ទះ។ ទោះយ៉ាងណា លោកក៏បានស្នើថា ចំនួនអ្នកព្យាយាមឡើងដល់កំពូលក្នុងមួយថ្ងៃ គួរត្រូវកំណត់មិនឱ្យលើសពី ២៥០ នាក់។
អ្នកជំនាញផ្នែកឡើងភ្នំជាច្រើន តែងរិះគន់រដ្ឋាភិបាលនេប៉ាល់ ចំពោះការអនុញ្ញាតឱ្យមានអ្នកឡើងភ្នំច្រើនពេក ដែលអាចបង្កឱ្យមានការកកស្ទះគ្រោះថ្នាក់ នៅតំបន់ “Death Zone” ក្បែរកំពូលភ្នំ។ តំបន់នេះមានកម្រិតអុកស៊ីសែនទាបខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
ជាការឆ្លើយតប នេប៉ាល់បានដាក់ចេញវិធានការតឹងរ៉ឹងជាងមុន និងបង្កើនតម្លៃអាជ្ញាបណ្ណឡើងភ្នំ ដើម្បីគ្រប់គ្រងចំនួនអ្នកឡើងភ្នំ និងបង្កើនសុវត្ថិភាព។ ឆ្នាំ២០២៦នេះ នេប៉ាល់បានចេញអាជ្ញាបណ្ណឡើងភ្នំ Everest សរុបចំនួន ៤៩៤ អាជ្ញាបណ្ណ ដោយម្នាក់ៗត្រូវបង់ថ្លៃដល់ទៅ ១៥,០០០ ដុល្លារដើម្បីឡើង៕ អត្ថបទ៖នាង សុភាវុធ



