គណៈកម្មការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ របស់ខ្លួនសម្រាប់សហភាពអឺរ៉ុប(EU) ដោយព្រមានថា ជម្លោះនៅតំបន់មជ្ឈិមបូព៌ា បាននាំមកនូវភាពរង្គោះរង្គើអតិផរណាធ្ងន់ធ្ងរដល់ប្លុកដែលមានសមាជិក២៧ប្រទេស ដែលអ្នកបង្កើតគោលនយោបាយ អាចខ្វះឧបករណ៍ដើម្បីទប់ទល់។

នៅក្នុងការព្យាករសេដ្ឋកិច្ចនិទាឃរដូវឆ្នាំ២០២៦ របស់ខ្លួន គណៈកម្មការបាននិយាយថា សេដ្ឋកិច្ចសហភាពអឺរ៉ុប បច្ចុប្បន្នត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ ១,១ ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះ០,៣ ភាគរយពីការព្យាកររដូវស្លឹកឈើជ្រុះរបស់ខ្លួនកាលពីឆ្នាំមុន។ ទស្សនវិស័យកំណើនសម្រាប់តំបន់ចាយប្រាក់អឺរ៉ូ មានប្រទេសចំនួន ២១ នៅក្នុងសហភាពអឺរ៉ុបដែលប្រើប្រាស់ប្រាក់អឺរ៉ូជារូបិយប័ណ្ណរបស់ខ្លួន ត្រូវបានកែសម្រួលធ្លាក់ចុះមកនៅត្រឹម ០,៩ ភាគរយ។

កំណើនត្រូវបានគេរំពឹងថានឹងងើបឡើងវិញដល់ ១,៤ ភាគរយ និង ១,២ ភាគរយនៅក្នុងប្លុកនេះ និងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូក្នុងឆ្នាំ២០២៧ នេះបើយោងតាមរបាយការណ៍។
ការកែសម្រួលនេះ បានធ្វើឡើងខណៈការបិទច្រកសមុទ្រ Hormuz ដែលបានជំរុញឱ្យតម្លៃប្រេងឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល និងធ្វើឲ្យរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។