បាល់ទាត់៖ សហព័ន្ធបាល់ទាត់កូឡុំប៊ីបានសម្រេចបញ្ចប់តំណែងគ្រូបង្វឹកលោក Reinaldo Rueda ហើយនៅថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីដឹកនាំក្រុមឆ្លងមិនផុតវគ្គជម្រុះខកកៅអី World Cup 2022 នៅកាតា។ បុរសវ័យ ៦៥ឆ្នាំរូបនេះបានចូលមកកាន់តំណែងគ្រូបង្វឹកក្រុមជំរើសជាតិកូឡុំប៊ីបានរយៈពេល ១៥ខែ។
កូឡុំប៊ីបានបញ្ចប់វគ្គជម្រុះ World Cup 2022 នៅតំបន់អាមេរិកខាងត្បូងឈរលេខ ៦ ក្នុងតារាង ១ពិន្ទុពីក្រោមក្រុមលេខ ៥ ពែរូដែលជាកៅអី Play-Off អន្តរទ្វីបជាមួយក្រុមនៅតំបន់អាស៊ី។ លោក Reinaldo Rueda ក៏ធ្លាប់បានដឹកនាំកូឡុំប៊ីម្តងដែរអំឡុងឆ្នាំ២០០៤-២០០៦។ ក្រៅពីកូឡុំប៊ីលោក Rueda ធ្លាប់ដឹកនាំក្រុមជំរើសជាតិហុងឌុយរ៉ាសនៅ World Cup 2010 នៅអាហ្វ្រិកខាងត្បូង និងនាំក្រុមអេក្វាដ័រទៅ World Cup 2014 នៅប្រេស៊ីល។ មុនមកដឹកនាំកូឡុំប៊ីលោក Rueda បានចាកចេញពីតំណែងគ្រូបង្វឹកក្រុមជំរើសជាតិស៊ីលី ដើម្បីជំនួសតំណែងលោក Carlos Queiroz នៅកូឡុំប៊ីនេះ៕
អត្ថបទ៖នាង សុភាវុធ