ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងសុខាភិបាល នឹងពង្រីកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ លើទីតាំងដែលមានស្រាប់នៅតាមមន្ទីរពេទ្យ រឺមណ្ឌលសុខភាព។ ការពង្រីកទីតាំងចាក់វ៉ាក់សាំងនេះ គឺចុះចាក់ផ្ទាល់ដល់ទីប្រជុំជន ទីផ្សារ រោងចក្រ និងសាលារៀន។
ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ដោយបញ្ជាក់ថាក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនឹងមានការពង្រីកទីតាំងចាក់វ៉ាក់សាំងដែលមានស្រាប់សព្វថ្ងៃ។ ការពង្រីកទីតាំងចាក់វ៉ាក់សាំងនេះ គឺសំដៅលើការចាក់វ៉ាក់សាំងដូសទី ៣ និងដូសទី ៤ នៅទីប្រជុំជន ទីផ្សារ រោងចក្រ និងសាលារៀនជាដើម។ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងដោយផ្ទាល់នៅទីតាំងរោងចក្រ គឺនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម បញ្ជាក់ថា ការចុះចាក់វ៉ាក់សាំងនៅតាមរោងចក្រ គឺអាស្រ័យលើស្ថានភាពជាក់ស្តែងនៃសង្វាក់ផលិតកម្មរបស់រោងចក្រ និងចំនួនបងប្អូនកម្មករ ដែលមិនទាន់បានចាក់ដូសជំរុញ។ ការចាក់វ៉ាក់សាំង គឺនឹងចាប់ផ្តើមបណ្តើរៗ នៅទូទាំងប្រទេសមាន ២៧រោងចក្រ នៅថ្ងៃទី ២២នេះ មានចំនួនកម្មករកម្មការិនី ជិត ២ម៉ឺននាក់ ។
ចំពោះការចុះចាក់វ៉ាក់សាំងនៅតាមសាលារៀន ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រុមការងារក្រសួងអប់រំ បច្ចុប្បន្នកំពុងសម្របសម្រួលលើការងារនេះ។
ពាក់ព័ន្ធនឹងការចុះចាក់វ៉ាក់សាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បាននឹងកំពុងចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ខ្នងផ្ទះផងដែរ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនក្នុងពេលថ្មីៗនេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្រុមការងារ បានចុះចាក់វ៉ាក់សាំងតាមខ្នងផ្ទះនៅខេត្ត ត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ពោធិ៍សាត់ ព្រៃវែង ខេត្តកំពត និងបណ្ដាខេត្តជាច្រើនទៀត។
សូមបញ្ជាក់ថា ការងារចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្ពុជាចាក់បាន ៩២,៨៦% នៃប្រជាជនសរុប១៦លាននាក់៕ អត្ថបទ៖ គឹមហុក