ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍បានប្រឆាំងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅលើសមាជិកសភាលីបង់ មន្ត្រីសន្តិសុខ និងសមាជិកនៃក្រុមហេសបូឡា និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺចលនាអាម៉ាល់ (Amal) ដោយពណ៌នាអំពីវិធានការទាំងនេះថា ជាការប៉ុនប៉ងបំភិតបំភ័យប្រជាជន និងគាំទ្រសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់។

ទណ្ឌកម្មដែលប្រកាសដោយក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅលើឥស្សរជនរួមមានមន្ត្រីជាន់ខ្ពស់ហេសបូឡា និងអតីតរដ្ឋមន្ត្រី លោក Mohammed Fneish សមាជិកសភាហេសបូឡា លោក Ibrahim al-Moussawi និង លោក Hussein Hajj Hassan ក៏ដូចជាមន្ត្រីសន្តិសុខទូទៅ និងចារកម្មយោធាដែលត្រូវបានចោទប្រកាន់ដោយទីក្រុងវ៉ាស៊ីនតោនថា គាំទ្រក្រុមហេសបូឡា។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡាបាននិយាយថា ទណ្ឌកម្មទាំងនេះ មានគោលបំណងដាក់សម្ពាធលើប្រទេសលីបង់ឲ្យបោះបង់ចោលអ្វីដែលខ្លួនហៅថា សិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការទប់ទល់នឹងការឈ្លានពានរបស់អ៊ីស្រាអែល។
ក្រុមនេះបាននិយាយថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងសមាជិកសភា និងមន្ត្រីរបស់ខ្លួន គឺផ្តោតលើការបដិសេធរបស់ពួកគេក្នុងការដកហូតអាវុធពីក្រុមតស៊ូ និងច្រានចោលអ្វីដែលខ្លួនពិពណ៌នាថា ជា «គម្រោងចុះចាញ់» ដែលជំរុញដោយសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ីស្រាអែល៕
