នាថ្ងៃព្រហស្បតិ៍ មន្ត្រីដែលត្រួតពិនិត្យបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សាបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រើប្រាស់ «គ្រប់មធ្យោបាយទាំងអស់ដែលមាន» ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាសឲ្យដកហូតអាវុធ ដោយព្រមានថា រាល់អំពើហិង្សានៅក្នុងទឹកដីប៉ាឡេស្ទីន ប្រឈមនឹងហានិភ័យនៃការ «រំលាយ» កិច្ចព្រមព្រៀង។
លោក Nickolay Mladenov តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព ជាស្ថាប័នអន្តរជាតិមួយដែលបង្កើតឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា អ៊ីស្រាអែលក៏ត្រូវតែគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមបទឈប់បាញ់ខែតុលា ដោយចង្អុលបង្ហាញពីការសម្លាប់ជនជាតិប៉ាឡេស្ទីន និងការរឹតបន្តឹងលើលំហូរជំនួយមនុស្សធម៌។

លោកបាននិយាយថា ជម្រើសនៅចំពោះមុខក្រុមហាម៉ាស និងអ៊ីស្រាអែល គឺ «ស្ថានភាពបច្ចុប្បន្នកាន់តែយ៉ាប់យ៉ឺន» ឬការចាប់ផ្តើមថ្មីសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលកំពុងរង់ចាំ «ក្នុងស្ថានភាពអស់សង្ឃឹម» ។ «ពុំមានជម្រើសទី៣ទេ។ ពុំដែលមានទេ ហើយប្រជាជនហ្កាហ្សាមិនគួរត្រូវបានបង្ខំឲ្យរង់ចាំទេ ខណៈពេលដែលអ្នកខ្លះធ្វើពុតថា មាននោះ»។
លោក Mladenov កំពុងពង្រីករបាយការណ៍ដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព ដែលបាននិយាយថា ឧបសគ្គចម្បងចំពោះការអនុវត្តបទឈប់បាញ់ពេញលេញ នៅតែជា «ការបដិសេធរបស់ហាម៉ាស ក្នុងការទទួលយកការរុះរើដែលបានផ្ទៀងផ្ទាត់ លះបង់ការគ្រប់គ្រងដោយបង្ខិតបង្ខំ និងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរពីការគ្រប់គ្រងដោយយោធាទៅស៊ីវិលពិតប្រាកដនៅក្នុងតំបន់ហ្កាហ្សា»៕
