រដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា) បានប្រាប់ឲ្យដឹងថា ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ត្រូវបាន «ផ្អាក» ដើម្បីធានាថា យោធាអាមេរិក មានគ្រាប់រំសេវគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការរបស់ខ្លួន នៅអ៊ីរ៉ង់។
នៅពេលត្រូវបានសួរនៅឯសវនាការសភា អំពីដំណើរការទិញអាវុធដែលជាប់គាំងចំនួន ១៤ពាន់លានដុល្លារ ដោយកោះតៃវ៉ាន់ រដ្ឋមន្ត្រីស្តីទី លោក Hung Cao បាននិយាយថា៖ «ឥឡូវនេះ យើងកំពុងផ្អាកសិន ដើម្បីធានាថា យើងមានគ្រាប់រំសេវដែលយើងត្រូវការ សម្រាប់ប្រតិបត្តិការ Epic Fury ដែលយើងមានក្នុងស្តុកច្រើន»។

លោកបានបន្ថែមថា៖ «ប៉ុន្តែ យើងគ្រាន់តែធ្វើឲ្យប្រាកដថា យើងមានអ្វីៗគ្រប់យ៉ាង បន្ទាប់មកការលក់ផ្នែកយោធាទៅបរទេស នឹងបន្ត នៅពេលដែលរដ្ឋបាលយល់ថា មានភាពចាំបាច់»។
ក្រសួងការបរទេសអាមេរិក និងមន្ទីរបញ្ចកោណមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការកត់សម្គាល់របស់លោក Cao។ ប្រធានាធិបតីអាមេរិក Donald Trump មិនបានប្តេជ្ញាចិត្តបន្តការលក់នោះទេ ដែលបង្កើនក្ដីបារម្ភ ចំពោះការប្តេជ្ញាចិត្តរបស់លោក ក្នុងការគាំទ្រដល់កោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថា ជាទឹកដីរបស់ខ្លួន។
មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសចិនថ្មីៗនេះ លោក Trump បាននិយាយថា លោកនឹងនិយាយជាមួយប្រធានាធិបតីចិន លោក Xi Jinping អំពីការលក់អាវុធ ជាការងាកចេញពីការទទូចពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ខ្លួននឹងមិនពិគ្រោះជាមួយទីក្រុងប៉េកាំងលើបញ្ហានេះឡើយ។ ក្រោយមក មេដឹកនាំអាមេរិកបាននិយាយថា លោកមិនបានធ្វើការប្តេជ្ញាចិត្តណាមួយ ចំពោះលោក Xi អំពីកោះតៃវ៉ាន់ទេ ហើយនឹងធ្វើការសម្រេចចិត្តលើការលក់អាវុធ «ក្នុងរយៈពេលសមស្របដ៏ខ្លីខាងមុខ»៕

