ប្រមុខទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បានព្រមានថា ទីផ្សារប្រេងពិភពលោកប្រឈមធ្លាក់ចូលទៅក្នុង «តំបន់ក្រហម» នារដូវក្តៅខាងមុខនេះ ប្រសិនបើមិនមានវឌ្ឍនភាពលើការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាទេនោះ។
នៅឯវិទ្យាស្ថានស្រាវជ្រាវ Chatham House ក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស លោក Fatih Birol បាននិយាយថា៖ «យើងអាចនឹងចូលទៅក្នុងតំបន់ក្រហម (លើការផ្គត់ផ្គង់) នៅក្នុងខែកក្កដា ឬសីហា ប្រសិនបើយើងមិនឃើញថា មានភាពល្អប្រសើរខ្លះ នៅក្នុងស្ថានភាព (សង្គ្រាម) នេះទេនោះ»។

លោក Birol បាននិយាយថា បើទោះជាប្រេងលើសចំនួន នៅក្នុងទីផ្សារមុនសង្គ្រាម បានជួយសម្រាលការរំខានថាមពលភ្លាមៗក៏ដោយ ក៏ «ស្តុកកំពុងអស់ទៅជាលំដាប់»។ លោកបានព្រមានថា វានឹងត្រូវការ «ពេលវេលាច្រើន» សម្រាប់ការផលិត និងសមត្ថភាពចម្រាញ់ប្រេង ដើម្បីត្រឡប់ទៅរកកម្រិតមុនសង្គ្រាមវិញ។
IEA បានសម្របសម្រួលឲ្យមានការបញ្ចេញប្រេងចំនួន ៤២៦លានបារ៉ែលពីស្តុកបន្ទាន់ ដោយប្រទេសសមាជិកចំនួន ៣២ របស់ខ្លួន ហើយបានឲ្យដឹងនៅខែនេះថា ប្រហែល ១៦៤លានបារ៉ែល ត្រូវបានបញ្ចេញរួចហើយ។
គួរបញ្ជាក់ អ៊ីរ៉ង់បានបង្អាក់ចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព ជាការសងសឹក ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ដោយបានបិទលំហូរប្រេង និងឧស្ម័ន និងធ្វើឲ្យតម្លៃហក់ឡើង។ បទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា បានបញ្ឈប់សង្គ្រាម ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចប្រឹងប្រែងចរចាមិនសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនោះទេ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕

