ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមេសានេះ គឺជាថ្ងៃទី២ ដែលគ្រប់បណ្តាកម្មករកម្មការិនីនៅតាមរោងចក្រ បានចូលបំរើការងារវិញ បន្ទាប់ពីបានឈប់សំរាកជិតមួយសប្តាហ៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការចូលបំរើការងារវិញជាធម្មតានេះ បណ្តារោងចក្រ មិនតម្រូវអោយកម្មករកម្មការិនីធ្វើតេស្តពិនិត្យរកកូវីដ១៩ ដូចការឈប់សំរាកមុនៗនោះទេ ដោយសំអាងថា គ្រប់កម្មករ កម្មការិនីគឺបានចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា។
បើតាមបណ្តារដ្ឋបាលរោងចក្រនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTVនៅថ្ងៃទី១៩ខែមេសានេះថា បន្ទាប់ពីបានឈប់សម្រាកអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសប្តាហ៍មុននេះ គឺគ្រប់កម្មករកម្មការិនីគ្រប់ផ្នែកទាំងអស់ បានចូលបំរើការងារវិញ នៅថ្ងៃទី១៨ ខែមេសា ដោយមិនបានធ្វើតេស្តកូវីដនោះទេ តែបានតម្រូវឲ្យមេក្រុមកម្មករទាំងអស់ គឺត្រូវតាមដានអាការៈ សុខភាព កម្មករកម្មការិនីដែលជាកូនក្រុមរបស់ខ្លួន ហើយក្នុងករណីកម្មករ និយោជិកណាមានអាការៈសុខភាពមិនល្អ គឺមិនត្រូវអនុញ្ញាតឲ្យចូលធ្វើការងារនោះទេ ហើយត្រូវធ្វើតេស្តពិនិត្យកូវីដ១៩ ជាចាំបាច់ផងដែរ។
បើតាមបណ្តាអ្នកគ្រប់គ្រងក្រុមកម្មករតូចៗ នៃរោងចក្រ ប្រូពីស័ស បានថ្លែងថា នៅថ្ងៃទី២នៃការចូលបំរើការងារវិញនេះ សំគាល់ឃើញថា គ្រប់កម្មករ កម្មការិនី ដែលជាកូនក្រុម មានសុខភាពល្អទាំងអស់គ្នា ហើយរោងចក្រកំពុងបន្តតាមដានសុខភាពគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ហើយក្នុងករណីកម្មករណាអាការៈប្លែក និងមានជំងឺផ្តាសសាយជាដើម គឺនឹងតម្រូវអោយគាត់ឈប់សំរាកភ្លាម។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធររាជធានីខេត្ត ក៏ដូចបណ្តាអ្នកគ្រប់គ្រងរោងចក្រ បានណែនាំឱ្យបងប្អូនខិតខំរក្សាវិធានការ ៣កុំ ៣ការពារ ខណៈពេលចូលត្រឡប់ចូលធ្វើការងារវិញ រោងចក្រមិនតម្រូវឱ្យធ្វើតេស្តឡើងវិញលើបងប្អូនកម្មករនិយោជិកទេ ដោយសារបងប្អូនកម្មករនិយោជិត បានចាក់វ៉ាក់សាំងដូសមូលដ្ឋានគ្រប់ៗគ្នា និងបានចាក់ដូសជំរុញបានយ៉ាងច្រើនលើសលប់រួចហើយ។
ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ហេង សួរ ក៏បានណែនាំក្រើនរំលឹកអោយកម្មករ និយោជិកទាំងអស់ ត្រូវបន្តស្មារតីប្រុងប្រយ័ត្ន ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនចៀសផុតពីការឆ្លងកូវីដ១៩ និងកូវីដអូមីក្រុង ហើយត្រូវនាំគ្នាបន្តចាក់វ៉ាក់សាំងដូសជម្រុញតាមការណែនាំរបស់ក្រុមគ្រូពេទ្យអោយបានត្រឹមត្រូវ ដើម្បីពង្រឹងភាពស៊ាំអោយបានល្អប្រសើរ៕ អត្ថបទ ស៊ុម សុខជា