រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែឧសភា ឆ្នាំ២០២៦) បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថា បានញុះញង់ឲ្យមានការកើនឡើងនូវការប្រឈមមុខដាក់គ្នាខាងយោធា។

លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា «ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយកុហក ដើម្បីញុះញង់ឲ្យមានការឈ្លានពានខាងយោធា ដែលនឹងបង្កឲ្យមានការបង្ហូរឈាមប្រជាជនគុយបា និងអាមេរិក»។ ការកត់សម្គាល់របស់លោកបែបនេះបានកើតឡើងបន្ទាប់ពីលោក Rubio បាននិយាយថា គុយបាកំពុងបង្ក «ការគំរាមកំហែងសន្តិសុខជាតិ» ដល់សហរដ្ឋអាមេរិក។
លោក Rodriguez Parrilla បានបញ្ជាក់ថា៖ «គុយបាមិនមែនជាការគំរាមកំហែងដល់សន្តិសុខជាតិដល់សហរដ្ឋអាមេរិកទេ ហើយក៏មិនធ្លាប់មានការគំរាមកំហែងសន្តិសុខជាតិដល់សហរដ្ឋអាមេរិកដែរ។ តែគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅវិញទេ ដែលឈ្លានពានប្រជាជនគុយបាដោយឥតមេត្តា និងជាប្រព័ន្ធ ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានចូលរួមធ្វើឲ្យមានភាពអស់សង្ឃឹមក្នុងចំណោមប្រជាជន និងការដួលរលំសេដ្ឋកិច្ច ដោយបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈ និងពង្រឹងវិធានការបិទខ្ទប់ដែលមិនស្ថិតក្នុងដែនដីរបស់ខ្លួន»។
ជាងនេះទៀត លោក Rodriguez Parrilla ក៏បានច្រានចោលការកំណត់ដោយសហរដ្ឋអាមេរិកផងដែរ ដែលថា គុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម៕

