សហភាពអឺរ៉ុប (EU) នឹងស្នើឲ្យមានការលើកលែងទណ្ឌកម្មជាបណ្ដោះអាសន្ន លើអ្នកផ្គត់ផ្គង់បន្ទះឈីបដ៏សំខាន់របស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត បានព្រមានអំពីភាពវឹកវរនៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលនឹងកើតមាន ប្រសិនបើការហាមឃាត់មិនត្រូវបានលុបទេនោះ។
យោងតាមប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ថា គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់ EU នឹងស្នើឲ្យមានការលើកលែង សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប Yangzhou Yangjie Electronic Technology នៅដើមសប្តាហ៍នេះ។ ការអនុវត្តចំណាត់ការបែបនេះនឹងតម្រូវឲ្យមានការយល់ព្រមពីរដ្ឋសមាជិកចំនួន ២៧ របស់ប្លុកនេះ។ អ្នកនាំពាក្យម្នាក់មកពីគណៈកម្មការ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Yangjie Electronic ត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី២០ របស់ EU ដែលបានចុះបញ្ជីអង្គភាពមានមូលដ្ឋាននៅប្រទេសចិន ដែលប្លុកនេះ បញ្ជាក់ថា បានផ្តល់ប្រព័ន្ធទំនិញប្រើប្រាស់បានទាំងស៊ីវិល និងយោធា ឬអាវុធដល់ប្រទេសរុស្ស៊ី។
ក្រុមហ៊ុនផលិតបន្ទះចិននេះ ត្រូវបានដាក់ទណ្ឌកម្មនៅក្នុងខែមេសា បន្ទាប់ពីការដឹកជញ្ជូនបច្ចេកវិទ្យារាប់សិបរបស់ខ្លួន ត្រូវបានចោទប្រកាន់ថា បានទៅដល់ប្រទេសរុស្ស៊ី ហើយផលិតផលរបស់ខ្លួន ត្រូវបានរកឃើញនៅក្នុងយានដ្រូន និងគ្រាប់បែកមានប្រព័ន្ធនាំផ្លូវដែលប្រើប្រឆាំងនឹងអ៊ុយក្រែន។
ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានបញ្ចុះបញ្ចូលឲ្យ EU ពន្យារពេលការហាមឃាត់នេះ ដោយបញ្ជាក់ថា ពួកគេមិនមានពេលវេលា ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទេ ហើយវិធានការនេះ នឹងបណ្តាលឲ្យអស់ស្តុក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ នេះបើយោងតាមប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ៕

