តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីដោះស្រាយស្ថានភាពនៅតំបន់ហ្កា ហ្សា មានតែនៅលើក្រដាសប៉ុណ្ណោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីមជ្ឈិមបូព៌ា បេសកជនរុស្ស៊ីរូបនេះ បានចង្អុលបង្ហាញថា ទីក្រុងមូស្គូបានបោះឆ្នោតលើសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខUN ដើម្បីគាំទ្រផែនការនេះ។ លោកបានកត់សម្គាល់ថា៖ រយៈពេើ ៦ខែបន្ទាប់ពីការបោះឆ្នោតលើសេចក្តីសម្រេចលេខ ២៨០៣ ផែនការរបស់លោក ត្រាំ នៅតែស្ថិតនៅលើក្រដាស ខណៈពេលដែលការអះអាងពីសមិទ្ធផលមានគោលបំណងបិទបាំងការពិតមិនល្អនៅក្នុងតំបន់នេះ»។

លោក Nebenzya បានសង្កត់ធ្ងន់ថា ការទាមទាររបស់អ៊ីស្រាអែលក្នុងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួន នៅក្នុងដែនដីប៉ាឡេស្ទីន និងការប្រគល់សាកសពរបស់អ្នកស្លាប់ ត្រូវបានបំពេញយ៉ាងពេញលេញ ខណៈដែលបទប្បញ្ញត្តិមួយចំនួនទៀត នៅតែមិនទាន់ត្រូវបានអនុវត្ត។ បេសកជនរុស្ស៊ីរូបនេះ បានបន្ថែមថា៖«បទប្បញ្ញត្តិនៃផែនការទាក់ទងនឹងបទឈប់បាញ់ ការផ្តល់ជំនួយមនុស្សធម៌ទ្រង់ទ្រាយធំទៅកាន់តំបន់នោះ ការប្រគល់ការគ្រប់គ្រងតំបន់នោះទៅឲ្យគណៈកម្មាធិការអ្នកបច្ចេកទេស និងការដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដោយមិននិយាយពីការសន្យាថា នឹងប្រែក្លាយតំបន់ហ្កាហ្សាទៅជារមណីយដ្ឋានមេឌីទែរ៉ាណេនៅមជ្ឈិមបូព៌ាដែលមានទីក្រុងគំរូជាច្រើន ការធ្វើឲ្យតំបន់មួយមានភាពរស់រវើកឡើងវិញដោយនាំមកនូវថាមពលថ្មីៗ គំនិតថ្មីៗ ការវិនិយោគ ឬមនុស្សថ្មីៗ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស មិនត្រូវបានបំពេញឡើយ»។
ភាពតានតឹងបានកើនឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនហាម៉ាសមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានបើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែល ដោយសម្លាប់ប្រជាជននៅតំបន់ព្រំដែន និងចាប់ចំណាប់ថ្នូរជាច្រើននាក់ ។ ជាការឆ្លើយតប អ៊ីស្រាអែលបានផ្តួចផ្តើមប្រតិបត្តិការយោធា នៅក្នុងដែនដីប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់៕
