ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តក្នុងអង្គការណាតូ (NATO) ដោយសន្យាថា នឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥.០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជួបជាមួយរដ្ឋមន្ត្រីសម្ព័ន្ធមិត្ត នៅស៊ុយអែត នាថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ ក្នុងអំឡុងពេលមានការបែកបាក់យ៉ាងខ្លាំង ជុំវិញសង្គ្រាមអ៊ីរ៉ង់។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងពីទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីជាតិនិយមអភិរក្សនិយមរបស់ប៉ូឡូញ គឺលោក Karol Nawrocki ជាហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់លោក ក្នុងការបញ្ជូនកងទ័ពបន្ថែម។

លោក Trump បានបញ្ជាក់នៅក្នុងការបង្ហោះនោះថា៖ «ដោយផ្អែកលើភាពជោគជ័យនៅក្នុងការបោះឆ្នោតរបស់ប្រធានាធិបតីប៉ូឡូញនាពេលនេះ គឺលោក Karol Nawrocki ដែលខ្ញុំគាំទ្រដោយមោទនភាព និងដែលខ្ញុំមានមោទនភាពក្នុងការបង្កើតទំនាក់ទំនងរបស់យើងជាមួយគាត់ ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥.០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ»។
នេះគឺជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយរយៈពេលជាច្រើនសប្តាហ៍ដែលលោក Trump បានរិះគន់សមាជិកអង្គការណាតូយ៉ាងខ្លាំង ក្នុងការមិនធ្វើអ្វីបន្ថែមទៀត ដើម្បីជួយដល់យុទ្ធនាការយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបាននិយាយថា លោកកំពុងពិចារណាដកខ្លួនចេញពីសម្ព័ន្ធមិត្តនេះ ហើយបានចោទសួរថា តើទីក្រុងវ៉ាស៊ីនតោនត្រូវមានកាតព្វកិច្ចគោរពកតិកាសញ្ញាការពារជាតិទៅវិញទៅមកដែរ ឬទេ។
មុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ នៅទីក្រុង Helsingborg ប្រទេសស៊ុយអែត លោក Rubio បាននិយាយថា លោក Trump មានការខកចិត្តយ៉ាងខ្លាំង ចំពោះសមាជិកសម្ព័ន្ធមិត្តដែលមិនបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព នៅលើទឹកដីរបស់ពួកគេសម្រាប់សង្គ្រាមនេះ ដោយបានចង្អុលបង្ហាញជាពិសេសទៅអេស្ប៉ាញ៕

