អ៊ុយក្រែន៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិនិយាយថា រុស្ស៊ី និងអ៊ុយក្រែនចាំបាច់ត្រូវរួមគ្នា និងចរចាបទឈប់បាញ់ដោយលទ្ធផលផ្លែផ្កា ដើម្បីឲ្យក្បួនរថយន្តដឹកជំនួយមនុស្សធម៌អាចចូលទៅដល់ជនស៊ីវិល។

លោក Matin Griffiths បាននិយាយថា យើងសុំឱ្យភាគីទាំងអស់យល់ពីការបំផ្លាញ ដែលកំពុងកើតមានឡើងជាលទ្ធផលនៃការវាយលុកនៅអ៊ុយក្រែន។ យើងស្នើឱ្យភាគីនានាត្រលប់ទៅតុចរចាវិញ នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគីដើម្បីបន្តការចរចាជាសំខាន់ ទោះបីជាគោលដៅសង្គ្រាមនៅតែមិនទាន់ច្បាស់ក៏ដោយ។ ការថ្លែងរបស់លោក Griffiths បានធ្វើឡើង ខណៈអ្នកសម្របសម្រួលមនុស្សធម៌ជាន់ខ្ពស់រូបនេះ បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគីវ ជាកន្លែងដែលលោកបានជំរុញឱ្យភាគីទាំង ២ ធ្វើការដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ជាពិសេសនៅក្នុងទីក្រុង Mariupol ដែលលោក Griffiths បានស្នើសុំឱ្យមានការជម្លៀសជនស៊ីវិលចេញបន្ថែមទៀត។
លោក Griffiths បាននិយាយថា ក្បួនរថយន្តផ្តល់ជំនួយមិនដំណើរការទៅដល់ប្រជាជន ដែលរងផលប៉ះពាល់នោះទេ ព្រោះភាគីទាំងពីរមិនចុះសម្រុងជាមួយគ្នា ហើយដាក់កំហុសឲ្យគ្នាទៅវិញទៅមក៕ អត្ថបទ៖ ប៊ុនថន
