ប្រតិបត្តិករដឹកជញ្ជូនសាធារណៈកេនយ៉ា បានប្រកាសបញ្ចប់កូដកម្មតាមផែនការនៅសប្តាហ៍ក្រោយ បន្ទាប់ពីលោកប្រធានាធិបតី William Ruto ប្រកាសនៅថ្ងៃសុក្រនេះ នូវការកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតជាង ៤ភាគរយ ។
ក្រុមដឹកជញ្ជូនសាធារណៈ បានធ្វើកូដកម្មរយៈពេល ២ថ្ងៃ ក្នុងសប្តាហ៍នេះ ជុំវិញការឡើងថ្លៃប្រេង ពាក់ព័ន្ធនឹងជម្លោះអ៊ីរ៉ង់ ធ្វើឲ្យការដឹកជញ្ជូនភាគច្រើននៅទីក្រុង Nairobi និងទីក្រុងផ្សេងទៀត ទាល់ច្រក ហើយនិងបង្កឲ្យមានការប៉ះទង្គិចគ្នាផងដែរជាមួយនគរបាល បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងមនុស្សៃ ៣០នាក់ផ្សេងទៀត រងរបួស ។
ការដឹកជញ្ជូនត្រូវបានអាក់ខានផងដែរ នៅក្នុងទីក្រុងតំបន់ឆ្នេរ Mombasa ស្របពេលដែលកូដកម្មតម្លៃប្រេង បានមើលឃើញក្រុមបាតុករបិទផ្លូវ និងបញ្ឈប់ម៉ូតូឌុបពីការរកស៊ីរបស់ពួកគេនាថ្ងៃចន្ទនេះ ។
ការបង្អាក់នេះដែរ បានកើតមានឡើង ក្រោយកេនយ៉ា ដំឡើងតម្លៃប្រេងលក់រាយ ក្នុងនោះប្រេងបានឡើងថ្លៃដល់ ១,៤០ដុល្លារ ក្នុង ១លីត្រ និងប្រេងម៉ាស៊ូតឡើងថ្លៃដល់ ១,៦០ដុល្លារក្នុង ១លីត្រ បន្ទាប់ពីការហក់ឡើងខ្ពស់ស្រដៀងគ្នាកាលពីខែមុន ។
ក្រុមអាជ្ញាធរ និយាយថា ការឡើងថ្លៃប្រេងនេះ បណ្តាលមកពីការផ្គត់ផ្គង់ប្រេងឆៅសកល ហើយនិងការឡើងថ្លៃថាមពល ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។
សូមបញ្ជាក់ថា កេនយ៉ា ពឹងផ្អែកខ្លាំងលើប្រេងនាំចូល ដែលភាគច្រើននៃប្រេងទាំងនេះ បានមកពីតំបន់ឈូងសមុទ្រ ធ្វើឲ្យអ្នកប្រើប្រាស់ត្រូវការចំណាយច្រើន ដោយសារតម្លៃប្រេងសកលហក់ឡើងខ្ពស់ ៕