រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញនាវាដឹកទំនិញ និងនាវាដឹកប្រេង នៅជុំវិញច្រកសមុទ្រ Hormuz នាថ្ងៃសុក្រនេះ ហើយត្រូវបានមើលឃើញពីទីក្រុងតំបន់ឆ្នេរ Musandam របស់ប្រទេសអូម៉ង់ ។
សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Syed Mohsin Naqvi នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាលើសំណើបញ្ចប់សង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែប្រកែកគ្នា ជុំវិញស្តុកអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ និងការគ្រប់គ្រងច្រកសមុទ្រ Hormuz ។
ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim និង ISNA រាយការណ៍ថា រយៈពេល ២ថ្ងៃ ក្រោយបង្ហាញអ៊ីរ៉ង់នូវសារចុងក្រោយរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចា លោក Mohsin Naqvi មាននូវជុំមួយទៀតនៃកិច្ចប្រជុំជាមួយលោក Araqchi នៅទីក្រុងតេអេរ៉ង់ ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មាននូវសញ្ញាល្អមួយចំនួននៅក្នុងកិច្ចប្រជុំ ប៉ុន្តែនៅមិនអាចមានដំណោះស្រាយនោះទេ បើសិនជាទីក្រុងតេអេរ៉ង់ អនុវត្តប្រព័ន្ធគិតថ្លៃរបស់ពួកគេនៅច្រកសមុទ្រ Hormuz ដែលបានបិទដោយប្រសិទ្ធិភាព ដល់ការដឹកជញ្ជូនភាគច្រើន ក្រោយសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ៕