ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា ប្រទេសរបស់លោកនឹងមិនត្រូវបានគេអូសទាញឲ្យធ្លាក់ចូលក្នុងសង្រ្គាមអ៊ុយក្រែននោះទេ ប៉ុន្តែរុស្ស៊ី និងបេឡារុស នឹងការពារខ្លួនពួកគេរួមគ្នា បើសិនជាមានការឈ្លានពានណាមួយ ។
លោក Lukashenko និយាយផងដែរថា ស្របពេលមានសមយុទ្ធនុយក្លេអ៊ែររួមគ្នារវាងរុស្ស៊ី និងបេឡារុស លោកត្រៀមខ្លួនរួចរាល់ ក្នុងការជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
លោកថា ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់លោក Zelenskiyថា បេឡារុសត្រូវបានអូសទាញឲ្យធ្លាក់ក្នុងសង្រ្គាម លោកអាចនិយាយបានថា ពួកគេនឹងត្រូវបានគេអូសទាញឲ្យធ្លាក់ចូលក្នុងសង្រ្គាម ក្នុងករណីមួយគត់ គឺបើសិនជាការឈ្លានពានត្រូវបានប្រព្រឹត្តលើទឹកដីរបស់ពួកយើង ។
លោកនិយាយទៀតថា ពួកយើងបានឮសម្តីប្រធានាធិបតីរុស្ស៊ីថា ពួកយើងនឹងការពារមាតុភូមិរបស់ពួកយើងជាមួយគ្នា ជាទីដែលរដ្ឋទាំង ២ស្ថិតនៅ ចាប់ពីទីក្រុង Brestរបស់បេឡារុស រហូតដល់ទីក្រុង Vladivostok របស់រុស្ស៊ី ។ ពួកយើងគ្មានបំណងចូលរួមសង្រ្គាមអ៊ុយក្រែននោះឡើយ ហើយក៏គ្មានតម្រូវការត្រូវធ្វើបែបហ្នឹងនោះដែរ ៕