នាថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានដាក់ចេញនូវការគ្រប់គ្រង លើការនាំចេញសារធាតុគីមីផ្សំថ្នាំចំនួន ៣មុខ ដែលដឹកជញ្ជូនទៅកាន់អាមេរិកខាងជើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង បង្កើនកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹងការជួញដូរគ្រឿងញៀន បន្ទាប់ពីមាននូវដំណើរទស្សនកិច្ចរបស់មេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មចិនបានសរសេរថា សារធាតុគីមីទាំងនេះ ឥឡូវនេះ នឹងតម្រូវឲ្យមានអាជ្ញាប័ណ្ណពីភ្នាក់ងាររដ្ឋាភិបាល ដើម្បីនាំចេញទៅកាន់សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
ទីក្រុងវ៉ាស៊ីនតោនបានបន្តរក្សាអត្រាពន្ធ ១០ភាគរយ លើទំនិញចិន ជាការឆ្លើយតប ចំពោះប្រទេសចិន ដែលត្រូវបានចោទប្រកាន់ថា មានតួនាទីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សារធាតុហ្វង់តានីល។
ការរឹតបន្តឹងថ្មីនេះបានកើតឡើង មួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping និងលោក Trump បានស្វែងរកស្ថិរភាព នៅក្នុងទំនាក់ទំនងដ៏ច្របូកច្របល់ អំឡុងជំនួបពិភាក្សា នៅទីក្រុងប៉េកាំង។
ការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន បានលេចឡើងជាវិស័យសហប្រតិបត្តិការ រវាងមហាអំណាចដែលជាគូប្រជែងនឹងគ្នាទាំង២៕