ប្រជាជនគុយបារាប់ពាន់នាក់ នៅថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតអាមេរិក ក្នុងទីក្រុងឡាហាវ៉ាន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការចោទប្រកាន់ជាផ្លូវការ លើអតីតមេដឹកនាំ លោក Raul Castro ពីបទបាញ់ទម្លាក់យន្តហោះស៊ីវិល ២គ្រឿង កាលពី ៣០ឆ្នាំមុន។
បាតុកម្មគាំទ្ររដ្ឋាភិបាលនេះ ដែលបានចាប់ផ្តើមភ្លាមៗក្រោយថ្ងៃរះ នៅទីក្រុងឡាហាវ៉ាន បានកើតឡើងនៅពេលដែលមន្ត្រីគុយបា សប្តាហ៍នេះ បានប្រមូលផ្តុំគ្នានៅជុំវិញអតីតប្រធានាធិបតី និងវីរបុរសបដិវត្តន៍របស់កោះនេះ។
ប្រទេសគុយបា លើកឡើងថា ការចោទប្រកាន់លោក Castro ពីបទឃាតកម្ម កាលពីថ្ងៃពុធ គឺផ្អែកលើការចោទប្រកាន់ «មិនពិត» ដែលត្រូវបានរៀបចំឡើងជាលេស ដើម្បីឈ្លានពានប្រទេសជាតិ ក្នុងពេលមានការជំរុញរបស់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ឲ្យផ្តួលរំលំរដ្ឋាភិបាលរបស់កោះនេះ។
ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel និងនាយករដ្ឋមន្ត្រី លោក Manuel Marrero បានចូលរួមក្នុងការជួបជុំនេះ ប៉ុន្តែលោក Castro វ័យ ៩៤ឆ្នាំ មិនមានវត្តមានឡើយ៕