ប្រទេសម៉ិកស៊ិក និងសហភាពអឺរ៉ុប (EU) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលជាប់គាំងជាយូរមកហើយ នៅថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ ខណៈដែលភាគីទាំង២ ស្វែងរកការកាត់បន្ថយការពឹងផ្អែក លើសហរដ្ឋអាមេរិក និងការពារខ្លួនដោយផ្នែក ពីពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។
ការស្រុះស្រួលគ្នានេះ ដែលភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងយ៉ាងទូលំទូលាយនៅឆ្នាំ២០២៥ ប៉ុន្តែបានពន្យារពេលចុះហត្ថលេខា ពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មម៉ិកស៊ិក-EU ពីឆ្នាំ២០០០ ដែលគ្របដណ្តប់តែទំនិញឧស្សាហកម្មប៉ុណ្ណោះ។ កិច្ចព្រមព្រៀងថ្មីនេះ បន្ថែមសេវាកម្ម លទ្ធកម្មរបស់រដ្ឋាភិបាល ពាណិជ្ជកម្មឌីជីថល ការវិនិយោគ និងផលិតផលកសិកម្ម។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅទីក្រុង Mexico ក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជាង ១ទសវត្សរ៍។
ប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Mexico មុនពេលចុះហត្ថលេខាថា «កិច្ចប្រជុំកំពូលនេះ មានន័យច្រើនជាងពាណិជ្ជកម្ម។ វាគឺជាសេចក្តីថ្លែងការណ៍ភូមិសាស្ត្រនយោបាយ»។
កិច្ចព្រមព្រៀងនេះ បង្ហាញថា ភាគីទាំង២ ចង់ធ្វើពិពិធកម្មការនាំចេញរបស់ពួកគេឲ្យឆ្ងាយពីសហរដ្ឋអាមេរិក៕