អ្នកឡើងភ្នំជនជាតិឥណ្ឌា ២នាក់ បានស្លាប់លើភ្នំ Everest អំឡុងពេលឡើងភ្នំបំបែកកំណត់ត្រា តាមផ្លូវភាគខាងត្បូងប្រទេសនេប៉ាល់ ស្របពេលដែលក្រុមអ្នកជំនាញព្រមានពីមនុស្សច្រើនចំណុះនៅលើកំពូលភ្នំខ្ពស់ជាងគេបំផុតរបស់ពិភពលោកមួយនេះ ។
នេប៉ាល់ មានកំពូលភ្នំចំនួន ៨ ក្នុងចំណោមកំពូលភ្នំខ្ពស់ជាងគេបំផុតទាំង ១០របស់ពិភពលោក ហើយស្វាគមន៍អ្នកផ្សេងព្រេងរាប់រយនាក់ រាល់និទាឃរដូវ ។
អ្នកឡើងភ្នំយ៉ាងហោច ៥នាក់ បានស្លាប់ អំឡុងរដូវកាលឡើងភ្នំ Everest រួមទាំងជនជាតិឥណ្ឌា ២នាក់ និងជនជាតិនេប៉ាល់ ៣នាក់ ។ អ្នកឡើងភ្នំម្នាក់របស់សហរដ្ឋអាមេរិក និងអ្នកឡើងភ្នំម្នាក់ទៀតរបស់ឆេក បានស្លាប់នៅលើភ្នំ Makalu កាលពីដើមខែនេះ ។
គួរឲ្យដឹងថា ចំនួនអ្នកឡើងភ្នំជាប់កំណត់ត្រាក្នុងពេល ១ថ្ងៃ ២៧៤នាក់ បានឡើងកំពូលភ្នំ Everest កាលពីថ្ងៃពុធ ដែលជាចំនួនខ្ពស់បំផុតពុំធ្លាប់មាន ឡើងដល់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកមួយនេះ ចេញពីខាងប្រទេសនេប៉ាល់ ។
ភ្នំ Everest កម្ពស់ ៨.៨៤៩ម៉ែត្រ លាតសន្ធឹងតាមព្រំដែនរវាងនេប៉ាល់ និងតំបន់ទីបេតិ៍របស់ចិន ហើយនិងអាចឡើងពីភាគីប្រទេសទាំង ២ បានដូចគ្នា ។
ប្រតិបត្តិករឡើងភ្នំ Everest និយាយថា ពុំមានអ្នកឡើងឡើងភ្នំនៅខាងតំបន់ទីបេតិ៍ ក្នុងឆ្នាំនេះឡើយ ស្របពេលដែលអាជ្ញាធរចិន ពុំបានចេញការអនុញ្ញាតណាមួយនោះ ។
ក្រុមអ្នកជំនាញឡើងភ្នំ តែងតែរិះគន់នេប៉ាល់ សម្រាប់ការអនុញ្ញាតឲ្យមានចំនួនអ្នកឡើងភ្នំដ៏ច្រើន ដែលពេលខ្លះនាំឲ្យមានហានិភ័យនៃការស្ទះផ្លូវ ឬការតម្រង់ជួយ៉ាងវែងនៅតំបន់មរណៈ ស្ថិតនៅក្រោមកំពូលភ្នំ ជាទីមានកម្រិតអុកស៊ីហ្សែនធម្មជាតិទាបដ៏គ្រោះថ្នាក់ ដែលត្រូវការឲ្យមនុស្សរស់ ៕