នាយករដ្ឋមន្ត្រី លោក Rob Jetten បាននិយាយនៅថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះថា រដ្ឋាភិបាលហូឡង់ បានយល់ព្រមដាក់បម្រាម លើការនាំចូលទំនិញដែលផលិតនៅក្នុងតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នៅក្នុងដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
លោក Jetten បាននិយាយថា ការហាមឃាត់នេះ ស្មើនឹងការការពារមិនឲ្យមាន «ការចូលរួមចំណែកណាមួយ តាមរយៈសកម្មភាពសេដ្ឋកិច្ចដោយប្រទេសហូឡង់ ចំពោះការកាន់កាប់ដោយខុសច្បាប់នេះ»។
រដ្ឋាភិបាលហូឡង់មុន កាលពីឆ្នាំកន្លងទៅ បានបញ្ជាក់ថា ខ្លួនកំពុងរៀបចំផែនការហាមឃាត់នេះ ដែលឥឡូវនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅក្នុងឆមាសទី២ នៃឆ្នាំនេះ។ ប្រទេសហូឡង់គឺជាអ្នកទិញទំនិញអ៊ីស្រាអែលឈានមុខគេ លើពិភពលោក ប៉ុន្តែរដ្ឋាភិបាលមិនដែលបានបង្ហាញនោះឡើយថា តើបរិមាណទំនិញប៉ុន្មាន ត្រូវបាននាំចូលពីកន្លែងតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ នាពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា មហាអំណាចពិភពលោកភាគច្រើន ចាត់ទុកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើដីដែលខ្លួនបានកាន់កាប់ ក្នុងសង្គ្រាមឆ្នាំ១៩៦៧ ថា ជាចំណាត់ការខុសច្បាប់។ សេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពតាំងទីលំនៅទាំងអស់។ អ៊ីស្រាអែលបានជំទាស់នឹងករណីនេះ ដោយផ្ដល់ហេតុផលថា ខ្លួនមានទំនាក់ទំនងប្រវត្តិសាស្ត្រ និងគម្ពីរសាសនាទៅនឹងដីនោះ៕