ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា ខណៈការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនៅកំពុងអូសបន្លាយយ៉ាងក្តី ក៏សហគ្រាស និងសិប្បកម្មក្នុងស្រុក បាននិងកំពុងដំណើរការក្នុងខ្សែច្រវាក់ផលិតកម្ម ផលិត និងជំរុញផ្គត់ផ្គង់ទំនិញចូលទីផ្សារជាធម្មតា ដែលបានកំពុងជំរុញផ្លាស់ប្តូរទំនិញជំនួសការរនាំចូលជាបណ្តើរៗ។
បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពនៃការ ដំណើរការផលិត និងវេចខ្ចប់របស់សហគ្រាស និងសិប្បកម្ម និងការជំរុញចូលទីផ្សារនេះថា នៅពេលការផ្ទុះឡើងសង្គ្រាមព្រំដែនកម្ពុជា -ថៃ សកម្មភាពអាជីវកម្មនៅក្នុងស្រុកបានងើបឡើងប្រូងព្រាត ទាំងនៅក្នុងដំណើរការផលិត និងការវេចខ្ចប់នូវផលិតផលផ្សេងៗ ខណៈដែលប្រជាពលរដ្ឋធ្វើពហិការមិនប្រើប្រាស់ផលិតផលប្រទេសជិតខាងមួយនេះ សកម្មភាពរបស់ប្រជាពលរដ្ឋបានចូលរួមយ៉ាង សំខាន់ក្នុងការជំរុញដល់ចលនាសេដ្ឋកិច្ចក្នុងស្រុក។
លោកបណ្ឌិត បន្តថា វប្បធម៌នៃការគាំទ្រនេះ នៅតែបន្តចូលរួមលើកកម្ពស់ដល់ចលនាផលិត របស់សហគ្រាស និងសិប្បកម្ម នានា ជាក់ស្តែងទោះពិភពលោក ក៏ដូចកម្ពុជាកំពុងជួបប្រទះបញ្ហានៃការហក់ឡើងថ្លៃប្រេងឥន្ធនៈ ដែលបាននិងកំពុងអូសបន្លាយក៏ ដោយ ក៏សកម្មភាពនៃកិច្ចដំណើរការរបស់សហគ្រាស និងសិប្បកម្មនៅក្នុងស្រុក បានដំណើរការជាធម្មតា ទាំងការផលិត និងការផ្គត់ ផ្គត់ផលិតផលចូលទីផ្សារ ទោះបីជួបបញ្ហាខ្លះៗលើការទិញវត្ថុធាតុដើមដូចជា សំបកវេចខ្ចប់ និងការដឹកជញ្ជូនជាដើមយ៉ាងក៏ដោយ។
បញ្ហានេះដែរ, លោកបណ្ឌិតក៏បានអំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្មទាំងអស់ សូមបន្តការផលិតឱ្យកាន់តែសកម្ម ថែមទៀត និងការចាប់យកបច្ចេកវិទ្យានានា ឬការចាប់យកបញ្ញាសិប្បនិម្មិត (Ai) សម្រាប់ប្រើប្រាស់ក្នុងការងារ និងអាជីវកម្ម ដើម្បី បង្កើនផលិតភាពលើផលិតកម្មឱ្យអស់សក្តានុពល និងជំរុញដោយនវានុវត្តន៍ស្របពេលទីផ្សារក្នុងស្រុកកំពុងមានតម្រូវការ។ ក្រៅពីនេះ លោកបណ្ឌិតក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ សូមបន្តវប្បធម៌នៃការគាំទ្រផលិតផលក្នុងស្រុកឱ្យបានជានិច្ចនិរន្ត ដើម្បីរួមគ្នា ជំរុញចលនាសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចចម្រើនថែមទៀត។
ជុំវិញសេដ្ឋកិច្ចនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្ដាលថ្មីអគ្គនាយកដ្ឋានពន្ធដារ ម្សិលមិញនេះថា កាលណា កម្ពុជាមានកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាព និងការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព ពិតជាបានរួមចំណែកយ៉ាង សំខាន់ ក្នុងការផ្តល់លទ្ធភាពជូនដល់រាជរដ្ឋាភិបាល បង្កើនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត និងបណ្តាញអគ្គិសនីជាដើម៕
អត្ថបទ៖ សុន រ៉ាឌី
