ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សានិងអនុម័ត កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សានិងអនុម័តរួចរាល់ដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកលនិងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនប្រាកដប្រជា។ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល សម្ពាធលើថាមពលនិងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តាប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេសដោយភាពម្ចាស់ការ ប្រាកដនិយម និងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន ដោយបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងជំរុញការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ ហើយវាក៏បានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហានិភ័យ និងរក្សាបាននូវស្ថិរភាព និងតម្រង់ទិសការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
