អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទបានប្រគល់តារាងសំណួររបស់សហភាពអឺរ៉ុប ដែលបានបំពេញរួចនូវពាក្យស្នើសុំចូលជាសមាជិករបស់ប្លុកនេះ ដល់ប្រេសិតសហភាពអឺរ៉ុបនៅទីក្រុងគីវ។
លោក Zelenskyy បានផ្ញើតារាងសំណួរជាផ្លូវការ ទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសអ៊ុយក្រែនលោក Matti Maasikas និងបាននិយាយថា វាជាជំហានដំបូងក្នុងយុទ្ធនាការរបស់លោក ដើម្បីទទួលបានការចូលជាសមាជិកភាពឲ្យកាន់តែលឿនទៅក្នុងសហភាពអឺរ៉ុប។ តារាងសំណួរត្រូវបានផ្ញើមកដល់លោក Zelenskyy កាលពីដើមខែមេសាដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី មកកាន់ទីក្រុងគីវចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ លោកស្រីបាននិយាយថា ការសម្រេចថា តើអ៊ុយក្រែននឹងត្រូវបានចាត់ទុកថាជាបេក្ខជន អាចធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ការជំរុញរបស់អ៊ុយក្រែនដើម្បីចូលរួមក្នុងប្លុកសហភាពអឺរ៉ុប គឺជាបញ្ហាបង្កហេតុជាមួយប្រទេសរុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ លោក Zelenskyy បាននិយាយនៅក្នុងពេលដាក់សំណើថា វាគឺជាបំណងប្រាថ្នាដែលប្រជាជនរបស់យើងកំពុងឈានឆ្ពោះទៅមុខ និងទាមទារ។ យើងជឿថា វានឹងមានលទ្ធផលវិជ្ជមានសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រជាជនយើង៕
អត្ថបទ៖ ប៊ុនថន