បន្ទាយមានជ័យ ៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារីអ៊ុរាត្រី ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បន្តផ្តល់ជូនដល់គ្រួសារកងទ័ពចំនួន៣អង្គភាព រួមមាន អង្គភាពវរសេនាតូចថ្មេីជេីងលេខ៥១៤ ចំនួន១០២គ្រួសារ, វរសេនាតូចថ្មេីជេីងលេខ៥១៣ ចំនួន១០៧គ្រួសារ និងវរសេនាតូចថ្មេីជេីងលេខ៥១១ ចំនួន១៧គ្រួសារ ចំណុះកងពលតូចថ្មេីរជេីង លេខ៥១ សរុបមានចំនួន២២៦គ្រួសារ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុ រាត្រី ក៏បានបញ្ជាក់ថា វរៈកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខថ្នាក់ដឹកនាំជាខ្លាំង ជាពិសេសក្រុមគ្រួសារីរៈកងទ័ពនៅសមរភមិក្រោយ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់ទំនុកបម្រុងគិតគូរខ្ពស់ជីវភាពតាមរយៈការផ្តល់ស្បៀងជាប់ជាប្រចាំ ដោយមិនទុកឱ្យគ្រួសារវីរៈកងទ័ពណាម្នាក់រងទុក្ខវេទនានោះឡេីយ។
ឯកឧត្តម អភិបាលខេត្ត លេីកឡេីងថា សុខទុក្ខរបស់បងប្អូនក្រុមគ្រួសាររបស់វីរៈកងទ័ព គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដែលត្រូវរួមគ្នាដោះស្រាយជូនភ្លាមៗ ចំពោះក្រុមគ្រួសារវីរៈកងទ័ពដោយទទួលបានភាពកក់ក្តៅ គឺជាកម្លាំងចិត្តដ៏សំខាន់របស់វីរៈកងទ័ពនៅជួរមុខ ដែលកំពុងបំពេញភារៈកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ដូច្នេះហេីយទេីបប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារខេត្ត ដែលជាសេនាធិការ នឹងបន្តទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ពជាប់ជាប្រចាំ បើទោះស្ថិតនៅក្នុងកាលទេសៈណាដ៏ដោយ រាជរដ្ឋាភិបាលមិនដែលមេីលរំលងក្រុមគ្រួសារវីរៈកងទ័ព និងប្រជាជនកម្ពុជានោះឡេីយ។
ក្នុងនោះដែរឯកឧត្ដម បន្តអំពាវនាវដល់គ្រួសារវីរៈកងទ័ព ក៏ដូចជាប្រជាជនកម្ពុជា ត្រូវបន្តជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។ ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថេរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរផងដែរ៕
សូមបញ្ជាក់ថា ចំពោះអំណោយដែលទទួលបានក្នុងពេលនេះដោយមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម,មីមួយកេស,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ, ត្រីខ ១យួរ សាច់ក្រក់១គីឡូក្រាម រួមនឹងថវិកាមួយចំនួនផងដែរ៕ឃិនសារិទ្ធ







