លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែបន្តការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យនៅតែរក្សាបានស្នាដៃកាន់តែប្រសើរឡើងស្របស្ថានភាពសង្គម ជាពិសេសចំពោះមុខត្រូវយកចិត្តទុកដាក់ចូលរួមជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមភូមិសាស្រ្តរៀងៗខ្លួនឱ្យខាងតែបាន និងហាមដាច់ខាត ចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ការណែនាំនេះ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីបើកវគ្គហ្វឹកហាត់ សម្រកទម្ងន់ និង សម្រកក្បាលពោះ ឆ្នាំ២០២៦ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប់ឈ្មោះត្រូវចូលរួមហ្វឹកហាត់សម្រកក្បាលពោះចំនួន ១៣៣នាក់។




