មន្ត្រីមូលដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃសៅរ៍ថា ភាពវឹកវរបន្ទាប់ពីគ្រោះមហន្តរាយអណ្តូងរ៉ែដ៏អាក្រក់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល ១៧ឆ្នាំបាននាំឱ្យមានការកែប្រែចំនួនអ្នកស្លាប់មកត្រឹម ៨២នាក់វិញ ខណៈកំពុងស៊ើបអង្កេតពីមូលហេតុ។
មនុស្សទាំងនោះបានស្លាប់ក្នុងការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្ម Liushenyu ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិនកាលពីយប់ថ្ងៃសុក្រ។ ដំបូងឡើយ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៩០នាក់បានស្លាប់។
សូម្បីតែនៅចំនួនទាបជាងនេះក៏ដោយ ហេតុការណ៍នេះនៅតែជាគ្រោះថ្នាក់អណ្តូងរ៉ែដ៏សាហាវបំផុតរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០០៩ នៅពេលការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែ Xinxing ក្នុងខេត្ត Heilongjiang បានសម្លាប់មនុស្ស ១០៨នាក់។
ក្រុមមន្ត្រីមូលដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចំនួនអ្នកស្លាប់ដំបូងពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋត្រូវបានរាប់ដោយមានកំហុស។
លោក Guo Xiaofang មេស្រុក Qinyuan ខេត្ត Shanxi ដែលជាទីតាំងអណ្តូងរ៉ែ បាននិយាយបន្ទាប់ពីឧបទ្ទវហេតុថា កន្លែងកើតហេតុមានភាពច្របូកច្របល់ ការរាប់ចំនួនកម្មកររបស់ក្រុមហ៊ុនមិនច្បាស់លាស់ដែលនាំឲ្យការរាប់ចំនួនដំបូងមិនត្រឹមត្រូវ។
មានកម្មករចំនួន ២៤៧ នាក់កំពុងបំពេញការងារនៅក្រោមដីនៅពេលមានការផ្ទុះនោះ ។
លោក Guo បាននិយាយថា មនុស្សពីរនាក់នៅតែបាត់ខ្លួន ខណៈ១២៨ នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ៣៥ នាក់ពុំបានរងរបួសទេ៕