ក្រុមអាជ្ញាធរនិយាយថា ការបាញ់ផ្លោងដោយមីស៊ីលបាលីស្ទីកដ៏ធំមួយបានវាយប្រហារទីក្រុងគីវនៅព្រឹកថ្ងៃអាទិត្យ ២៤ឧសភា ម៉ោងក្នុងស្រុក ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់រងរបួស បន្ទាប់ពីទីក្រុងមូស្គូបានគំរាមសងសឹកចំពោះការវាយប្រហារនៅភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។
ការផ្ទុះខ្លាំងៗត្រូវបានគេឮក្នុងរដ្ឋធានីអ៊ុយក្រែន ដែលបណ្តាលឱ្យអគារលំនៅឋានមួយញ័រ ខណៈមនុស្សរាប់សិបនាក់ជ្រកកោនក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយនៅកណ្តាលទីក្រុង។
លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគីវបានសរសេរលើ Telegramថា រដ្ឋធានីបានរងការវាយប្រហារដោយមីស៊ីលបាលីស្ទីកដ៏ធំមួយ។
អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា មនុស្សម្នាក់ស្លាប់ ៥នាក់បានរងរបួស និងម្នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ដោយសំអាងដល់ព័ត៌មានចារកម្មសម្ងាត់ពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតី Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែនដោយប្រើមីស៊ីល Oreshnik។
រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីរដងជាដោយមីស៊ីល Oreshnik ជាមីស៊ីលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអួតថាមិនអាចស្ទាក់ចាប់បានដោយសារតែល្បឿនរបស់វាលឿនជាងសំឡេងជាង១០ ដង
ការព្រមានរបស់លោក Zelenskyy បានកើតឡើងបន្ទាប់ពីលោក Putin បានបញ្ជាឱ្យយោធារបស់លោករៀបចំជម្រើសសម្រាប់ការសងសឹកប្រឆាំងនឹងអ៊ុយក្រែនចំពោះការវាយប្រហារដោយយានដ្រូន លើអន្តេវាសិកដ្ឋាននិស្សិតមួយក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសុក្រ។
ក្រុមមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍២៣ឧសភា ថាចំនួនអ្នកស្លាប់ពីការវាយប្រហារលើអន្តេវាសិកដ្ឋាននិស្សិត ក្នុងតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៊ី បានកើនឡើងដល់១៨នាក់ហើយ ភាគច្រើនជាស្ត្រីវ័យក្មេង៕