លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។
ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ចំពោះហេតុការណ៍នោះ កងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ដោយមិនមានការធ្វើសកម្មភាពណាមួយដែលផ្ទុយពីកិច្ចព្រមព្រៀងដែលមានស្រាប់ ជាមួយនឹងភាពអត់ធ្មត់កម្រិតខ្ពស់បំផុត និងបន្តតាមដានដោយយកចិត្តទុកដាក់៕
