បាល់ទាត់៖ ក្រុមជើងឯកលីគកំពូលជប៉ុន Kawasaki Frontale បានយកឈ្នះក្រុមចិន Guangzhou FC ដល់ទៅ ៨-០ ក្នុងការប្រកួតទី២ ក្នុងពូល I ក្របខណ្ឌ AFC Champions League។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Tan Sri Dato HJ Hassan Yunos ទឹកដីម៉ាឡេស៊ី កីឡាករថៃ Chanathip Songkrasin ក៏រកបានគ្រាប់ដំបូងរបស់ខ្លួនផងដែរតាំងពីផ្ទេរទៅ Kawasaki Frontale នៅនាទីទី៦៩ ដែលជាគ្រាប់នាំមុខ ៧-០ ក្នុងការប្រកួត ខណៈដែលកីឡាករ Yu Kobayashi រកបាន Hat-Trick។ បីពិន្ទុនេះធ្វើឱ្យ Kawasaki Frontale ឈរលេខ ២ ក្នុងពូលមាន ៤ពិន្ទុ ខណៈក្រុមដែលឈរលើគេគឺក្រុមម៉ាឡេស៊ី Johor Darul Ta’Zim ដែលបានយកឈ្នះ Ulsan Hyundai ២-១ មាន ៦ពិន្ទុពេញពីជ័យជំនះ ២ប្រកួតផ្ទួន។ ចំណែកនៅក្នុងពូល G ក្រុមជើងឯកថៃ BG Pathum United រកបានជ័យជំនះក្នុងការបង្ហាញខ្លួនដំបូងនៅក្របខណ្ឌ AFC Champions League នេះក្រោយយកឈ្នះ Jeonnam Dragons ២-០។

ជ័យជំនះនេះធ្វើឱ្យ BG Pathum United ឈរលេខ ២ ក្នុងពូលមាន ៤ពិន្ទុស្មើគ្នាជាមួយក្រុមលេខ ១ គឺក្រុមអូស្ត្រាលី Melbourne City ដែលបានយកឈ្នះក្រុមហ្វីលីពីន United City ៣-០។ ដោយឡែកនៅក្នុងពូល F វិញក្រុមជប៉ុន Urawa Red Diamonds យកឈ្នះក្រុមចិន Shandong Taishan ៥-០ ដើម្បីទទួលបាន ៣ពិន្ទុលើកទី២ មាន ៦ពិន្ទុពេញឈរលើគេក្នុងពូល F។ ចុងក្រោយនេះគឺក្លិបសិង្ហបុរី Lion City Sailors FC បានយកឈ្នះក្រុមកូរ៉េ Daegu FC ៣-០ ដើម្បីឈរលេខ ២ ក្នុងពូលមាន ៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ