ក្រុមអាជ្ញាធរកុងហ្គោនិយាយថា ករណីសង្ស័យថាបានឆ្លងជំងឺអេបូឡាបានកើនឡើងលើសពី៩០០ នាក់ហើយក្នុងការផ្ទុះរាលដាលនៃជំងឺនេះ នៅភាគខាងកើតប្រទេស ខណៈបុគ្គលិកសុខាភិបាលប្រឈមការវាយប្រហារ និងកង្វះខាតសម្ភារៈវេជ្ជសាស្ត្រ។

ក្រសួងទំនាក់ទំនងកុងហ្គោ ក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ បាននិយាយថា មានករណីសង្ស័យ៩០៤ករណី និងករណីសង្ស័យថាបានស្លាប់ដោយសារជំងឺអេបូឡា មានចំនួន ១១៩ នាក់ ខណៈអ្នកស្លាប់សរុបឡើងដល់ជាង២០០នាក់។ ក្រុមអាជ្ញាធរធ្លាប់បានប្រកាសពីករណីសង្ស័យថាមានជំងឺអេបូឡាជាង ៧០០ ករណី និងករណីសង្ស័យថាបានស្លាប់ទាក់ទងនឹងជំងឺនេះ ជាង១៧០ នាក់ ភាគច្រើននៅក្នុងខេត្ត Ituri ជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃជំងឺនេះ។

អង្គការសុខភាពពិភពលោកនិយាយថាការផ្ទុះឡើងនៃជំងឺនេះឥឡូវនេះបង្កហានិភ័យខ្ពស់ណាស់សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ុន្តែហានិភ័យនៃការរាលដាលជំងឺនេះនៅទូទាំងពិភពលោកនៅតែទាប។លោក Jean Kaseya ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បាននិយាយ ដោយរាយបញ្ជីប្រទេសអង់ហ្គោឡា ប៊ូរុនឌី សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋកុងហ្គោ អេត្យូពី កេនយ៉ា រវ៉ាន់ដា ស៊ូដង់ខាងត្បូង តង់ហ្សានី និងហ្សំប៊ី ថា ពួកលោកមានប្រទេសចំនួន ១០ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលជំងឺអេបូឡា។

ក្រុមអាជ្ញាធរសុខាភិបាលក្នុងប្រទេសនេះកំពុងប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន ខណៈពួកគេព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានប្រកាសថាជាគ្រាអាសន្នសុខភាពសកល។
មានការវាយប្រហារដោយដុតបំផ្លាញមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅភាគខាងកើតប្រទេស ដោយមជ្ឈមណ្ឌលពីរកន្លែងនៅក្នុងទីក្រុងចំនួនពីរត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន ជាការបង្ហាញពីកំហឹងនៅក្នុងតំបន់ដែលឡោមព័ទ្ធដោយអំពើហិង្សាទាក់ទងនឹងក្រុមឧទ្ទាមប្រដាប់អាវុធ ការភៀសខ្លួនចេញពីទីលំនៅរបស់ប្រជាជនមួយចំនួនធំ ការបរាជ័យរបស់រដ្ឋាភិបាលក្នុងតំបន់ និងការកាត់បន្ថយជំនួយអន្តរជាតិ ដែលក្រុមអ្នកជំនាញនិយាយថាបានរុញឲ្យមណ្ឌលសុខភាពនៅក្នុងសហគមន៍ងាយរងគ្រោះ៕