កំពត៖ មន្ត្រីជលផល បានអះអាងថា បច្ចុប្បន្ន ក្នុងដែនសមុទ្រនៃខេត្តកំពត មិនមានការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ទៀតទេ លើកលែងតែទូកអូសគូរបស់បរទេស ដែលបានលួចចូលមកនៅពេលយប់ម្តងម្កាល។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានឲ្យដឹងថា ប្រជានេសាទក្នុងខេត្តកំពត នៅពេលនេះ មានការយល់ដឹងច្រើនហើយ បន្ទាប់ពីមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិ បាលខេត្តកំពត ក៏ដូចជាមន្ត្រីជំនាញនាពេលកន្លងមក។
មន្ត្រីជំនាញរបស់លោកធ្វើការល្បាតជាប្រចាំ ដោយសហការជាមួយ អាជ្ញាធរ និងគណៈកម្មការសហគមន៍នេសាទទាំង៩ នៅក្នុងខេត្ត ដោយពិនិត្យលើការកាប់បំផ្លាញ់ព្រៃកោងកាង និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាដើម។
លោក បានបន្តថា នៅក្នុងរយៈពេលបីខែដើមឆ្នាំនេះ ការងារបង្ក្រាបបទល្មើលនេសាទ មានចំនួន២១ករណី ក្នុងនោះបានរឹបអូស និងដុតបំផ្លាញលបកន្ទុយកណ្តុរ ៧ករណី ឈិបរុញដៃភ្ជាប់ឧបករណ៍ឆក់ ៩ករណី ពិន័យអន្តរកាល៥ករណី មានការដឹកជញ្ជូនផលនេសាទគ្មានលិខិតអនុញ្ញាត៤ករណី និងនេសាទប្រើឧបករណ៍ឆក់១ករណី។
លោក នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា បច្ចុប្បន្ន នៅក្នុងដែនសមុទ្រខេត្តកំពតគ្មានបទល្មើស ឬការប្រើប្រាស់ឧបករណ៍ខុសច្បាប់ទេ ខណៈដែលសកម្មភាពចូលរួមអភិរក្ស និងដាំដើមកោងកាងឡើងវិញ កាន់តែផុលផុសជាងមុន។
ប្រជានេសាទនៅខេត្តកំពត បានអះអាងថា ពួកគេ លែងប្រើឧបករណ៍ខុសច្បាប់ទៀតហើយ ហើយការងារនេសាទក៏គ្មានការបង់ប្រាក់ដែរ។ របរនេសាទ ទោះមិនបានកម្រៃច្រើន ប៉ុន្តែវានៅអាចដោះស្រាយជីវភាព និងទំនុកបម្រុងក្រុមគ្រួសាររបស់ពួកគេបាននៅឡើយ។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងដែរថា ផលនេសាទ រយៈពេល៣ខែ ដើមឆ្នាំនេះ មានចំនួនជាង៦០០០តោន ហើយមន្ត្រីរបស់លោក បានបណ្តុះដើមកោងកាងជិតពីម៉ឺនដើម និងបានដាំកោងកាង ចំនួនជាង ១ម៉ឺនដើម ដើម្បីជាជម្រករបស់ជីវៈចម្រុះ សម្រាប់ជួយដល់ប្រជានេសាទ៕ អត្ថបទ៖ អន សារឹម