រដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងអ៊ីស្លាមចំនួន ៨ កាលពីថ្ងៃអាទិត្យ២៤ ឧសភា បានថ្កោលទោសការប្រព្រឹត្ត "ដ៏គួរឱ្យរន្ធត់ គ្មានភាពថ្លៃថ្នូរ និងមិនអាចទទួលយកបាន" របស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក Itamar Ben-Gvir ចំពោះក្រុមសកម្មជនដែលត្រូវបានឃុំខ្លួនពីនាវាដឹកជំនួយ Global Sumud ធ្វើដំណើរទៅកាន់ដែនដីហ្កាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ទួរគី អារ៉ាប៊ីសាអ៊ូឌីត និងកាតា បាននិយាយថា ការអាម៉ាស់ជាសាធារណៈដោយចេតនារបស់លោក Ben-Gvir លើអ្នកជាប់ឃុំ គឺជាការរំលោភដ៏អាម៉ាស់លើសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់។

ពួកគេបានថ្កោលទោសបន្ថែមទៀតចំពោះការញុះញង់ និងអំពើហិង្សា "ខុសច្បាប់ជ្រុលនិយម" ប្រព្រឹត្តដោយលោក Ben-Gvir និងក្រុមមន្ត្រីអ៊ីស្រាអែលផ្សេងទៀតប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងដែនដីប៉ាឡេស្ទីន ដោយព្រមានថា ពួកគេជំរុញការស្អប់ខ្ពើម និងភាពជ្រុលនិយម ដែលរារាំងកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
ក្រុមអ្នកការទូតបានទាមទារការទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក Ben-Gvir និងបានអំពាវនាវឱ្យមានវិធានការជាក់ស្តែងដើម្បីបញ្ចប់ការញុះញង់ ការបង្ករឿង និងការរំលោភបំពានម្តងហើយម្តងទៀត។
សមាជិករាប់រយនាក់មកពីកងនាវាជំនួយដែលឆ្ពោះទៅកាន់តំបន់ហ្កាហ្សាត្រូវបាននាំយកទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែលកាលពីថ្ងៃពុធសប្ដាហ៍មុន ខណៈលោក Ben-Gvir បានបញ្ចេញ វីដេអូមួយដែលបង្ហាញពីពួកគេមួយចំនួនត្រូវបានចងស្លាបសេក និងបង្ខំឱ្យក្រាបចុះនៅពេលឮសំឡេងភ្លេងជាតិអ៊ីស្រាអែល។គួរបញ្ជាក់ថាប៉ុន្មានថ្ងៃក្រោយមក ពួកគេត្រូវបានដោះលែងវិញ៕
