ថៃ៖ ពលរដ្ឋរាប់រយនាក់បានរត់ភៀសខ្លួន ចេញពីទីក្រុងជាច្រើននៅសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុន និងកំពុងបោះជំរំស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់គ្រប់គ្រង ដោយក្រុមជីវពលជនជាតិភាគតិចនៅតាមតំបន់ព្រំដែនថៃ ស្របពេលដែលប្រទេសជិតខាងមួយនេះ ត្រៀមខ្លួនការមកដល់របស់ជនភៀសខ្លួនទាំងនេះ។

មន្ត្រីមួយរូបមកពីក្រុមជីវពលសហភាពជាតិការ៉េន (KNU) ដែលបានធ្វើសង្គ្រាមជាមួយកងទ័ពមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នោះបាននិយាយថា ពលរដ្ឋជិត ១ពាន់នាក់បានបោះជំរំស្នាក់នៅលើទឹកដីគ្រប់គ្រងដោយក្រុម KNU។ យោងតាមការអះអាងរបស់សមាគមជំនួយការអ្នកទោសនយោបាយ ដែលជាក្រុមសិទ្ធិស៊ីវិលនៅសហភាពមីយ៉ាន់ម៉ាបានឲ្យដឹងថា កងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោច ២១៧នាក់អំឡុងការបង្ក្រាបយ៉ាងចាស់ដៃរបស់ពួកគេ មកលើក្រុមប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ លោក ប៉ាដូ ស. ថ. នី ដែលជាប្រមុខកិច្ចការបរទេសរបស់ក្រុម KNU បាននិយាយនៅក្នុងបទសម្ភាសន៍ថា មនុស្សរាប់រយនាក់កំពុងជ្រកកោនបណ្ដោះអាសន្ន លើទឹកដីរបស់ពួកយើង។
លោកបន្តថា ពួកគេមួយចំនួនគឺជាមេដឹកនាំបាតុកម្ម អ្នកពាក់ព័ន្ធនឹងក្រុមបដិសេធន៍ច្បាប់រដ្ឋ មន្ត្រីរដ្ឋការ អ្នករត់គេចពីការងារនគរបាល និងយោធា ហើយខ្លះទៀតគឺជាសមាជិកសភា និងវេជ្ជបណ្ឌិត។ លោក ប៉ាដូ បានបញ្ជាក់ទៀតថា ពលរដ្ឋមួយក្ដាប់តូចទៀតបានស្វែងរកការស្នាក់នៅ តាមព្រំប្រទល់ជាប់នឹងរដ្ឋសានស្ថិតនៅភាគខាងជើងប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមជីវពលជនជាតិភាគតិចមួយផ្សេងទៀត។ គួរឲ្យដឹងថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាង ២០ក្រុមនៅតាមតំបន់ព្រំដែនសហភាពមីយ៉ាន់ម៉ា និងក្រុមជីវពល KNU ស្ថិតនៅក្នុងចំណោមអ្នកដែលបានថ្កោលទោសរដ្ឋប្រហារ ហើយពួកគេប្ដេជ្ញាគាំទ្រក្រុមបាតុករប្រឆាំងនឹងយោធា៕
អត្ថបទ៖ សារ៉ាត់