បាត់ដំបង៖ ក្នុងត្រីមាសទី១ ឆ្នាំនេះ ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទចំនួន៥នាក់ បញ្ជូនទៅតុលាការ ។
លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានប្រាប់BTVនៅព្រឹកថ្ងៃទី១៩ ខែ មេសានេះថា ត្រីមាសទី១ ឆ្នាំនេះ មន្ត្រីជលផលបានបង្ក្រាបបទល្មើសនេសាទ ចំនួន៣៨ករណី ជាពិសេសក្រោយពីមានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មន្រ្តីជលផល អាជ្ញាធរ និងកម្លាំងចម្រុះ បានចុះបង្រ្កាបបទល្មើសនេសាទនៅលើបឹងទន្លេសាបជាបន្តបន្ទាប់ រហូតធ្វើឱ្យបទល្មើស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង លែងកើតមានទៀតហើយ។
លោក បានបញ្ជាក់ថា ក្រៅពីការងារបង្ក្រាបបទល្មើសជលផល ក្រុមការងាររបស់លោក បានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងអង្គការជាដៃគូ ចុះផ្សព្វផ្សាយអំពីវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវធនធានមច្ឆជាតិ នៅកម្ពុជា ដល់ប្រជាសហគមន៍នេសាទ ជាពិសេសអ្នកដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងតំបន់ព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ដើម្បីឱ្យពួកគេបានយល់ដឹង និងចូលរួមទប់ស្កាត់បទល្មើសជលផល និងបទល្មើសកាប់រានឈូសឆាយបំផ្លាញដីព្រៃលិចទឹក ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជានេសាទទាំងអស់ ដែល មានឧបករណ៍នេសាទល្មើសច្បាប់ រួមមាន អួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ និងឈិបយន្ត ព្រមទាំង ឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន រហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាកំហិត» ៕ អត្ថបទ៖ នឿត សុភក្ត្រ