ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូដ ប៉េហ្សេស្គីអាន(Masoud Pezeshkian) បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធានាដល់ពិភពលោកថា ខ្លួន «មិនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ» ទេ។ លោក Pezeshkian បានចោទអ៊ីស្រាអែលថា ជា «កម្លាំងបង្កអស្ថិរភាព» ដែលកំពុងបន្តផែនការ «អ៊ីស្រាអែលអស្ចារ្យ» ដោយបានអូសបន្លាយពេលជម្លោះ។

លោកបានសង្កត់ធ្ងន់ថា ការចរចាណាមួយនឹងមិនធ្វើឱ្យប៉ះពាល់ដល់ «សេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ប្រទេស» ឡើយ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ «បានចរចាយ៉ាងទូលំទូលាយ» លើអនុស្សរណៈនៃការយោគយល់លើកិច្ចព្រមព្រៀងសន្តិភាពដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយបង្កើនការរំពឹងទុកថា ការទម្លាយភាពទាល់ច្រកអាចនឹងខិតជិតដល់។
លោក Trump បាននិយាយថា ប្រទេសប៉ាគីស្ថាន សម្របសម្រួលកិច្ចព្រមព្រៀងដែលកំពុងតែលេចចេញជារូបរាង ហើយនឹងស្តារការធ្វើចរាចរណ៍ឡើងវិញតាមរយៈផ្លូវទឹកដ៏សំខាន់ ខណៈការបិទផ្លូវទឹកនេះបានជំរុញឱ្យមានវិបត្តិថាមពលសកលចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមសង្គ្រាមរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ លោកមិនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលបញ្ហាអ្វីផ្សេងទៀតនោះទេ។