លោក Mohsen Rezaei ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា ការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz គឺជា «សិទ្ធិស្របច្បាប់» របស់ទីក្រុងតេអេរ៉ង់ ក្នុងការធានាដល់សន្តិសុខជាតិ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោក Rezaei ដែលបាននិយាយថា «ការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ បញ្ចប់ភាពអសន្តិសុខរយៈពេល៥០ ឆ្នាំនៅឈូងសមុទ្រពែក្ស»។

លោក Rezaei ក៏បាននិយាយផងដែរថា អ៊ីរ៉ង់ អាចដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវបានគំរាមកំហែង។ លោកនិយាយថា «ប្រសិនបើអ្នកសម្រេចចិត្តវាយប្រហារច្រកសមុទ្រ Hormuz ហើយចូលទៅក្នុងឈូងសមុទ្រពែក្ស ដំបូងអ្នកនឹងប្រឈមទៅនឹងការឆ្លើយតបដ៏លំបាក និងឈឺចាប់។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ខ្ញុំប្រាប់អ្នកថា យើងអាចដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ តើអ្នកដឹងទេថា ការគំរាមកំហែងនេះមានន័យយ៉ាងដូចម្តេច? តើនឹងមានអ្វីកើតឡើងចំពោះអ្នក ប្រសិនបើយើងដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)? ដូច្នេះ សូមងាកចេញពីមធ្យោបាយនេះ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងដដែលៗអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។ លោកបាននិយាយថា ការចរចាកំពុងមានវឌ្ឍនភាព ហើយទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់កាន់តែមានលក្ខណៈវិជ្ជាជីវៈ និងផលិតភាព។ ប៉ុន្តែលោកបាននិយាយបន្ថែមថា «ភាគីទាំងពីរ ត្រូវតែចំណាយពេល និងធ្វើឲ្យបានត្រឹមត្រូវ។ កុំធ្វើឲ្យមានកំហុសឆ្គងណាមួយឡើយ»។ ភាគីទាំងពីរនៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាស្មុគស្មាញមួយចំនួន ដូចជាមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការទាមទាររបស់ប្រទេសនេះសម្រាប់ការដកទណ្ឌកម្ម និងការបញ្ចេញប្រាក់ចំណូលប្រេងរាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅធនាគារបរទេស និងសង្គ្រាមរបស់អ៊ីស្រាអែលនៅប្រទេសលីបង់ជាមួយកងជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។