មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃអាទិត្យថា ការប៉ុនប៉ងដកហូតអាវុធរបស់ក្រុមនេះ នឹងនាំទៅរកការលុបបំបាត់ក្រុមនេះទាំងស្រុង និងការកាន់កាប់ប្រទេសលីបង់បន្តិច ម្តងៗ ដោយបេ្តជ្ញាថា ក្រុមហេសបូឡា នឹងបន្តប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។

លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក Al-Manar ថា៖យើងត្រូវបានគំរាមកំហែងនៅក្នុងអត្ថិភាពរបស់យើង ហើយយើងនឹងការពារខ្លួនយើងចំពោះលទ្ធផលមួយក្នុងចំណោមលទ្ធផលពីរគឺ ជ័យជម្នះ ឬការស្លាប់»។

លោកបាននិយាយថា អ៊ីស្រាអែលស្វែងរកការលុបបំបាត់ការតស៊ូ និងកាន់កាប់ប្រទេសលីបង់ទាំងមូលជាផ្នែកមួយនៃគម្រោងដ៏ធំរបស់ប្រទេសនេះ» ដោយបន្ថែមថា ក្រុមហេសបូឡា នឹងមិនដកថយទេ ទោះបីជាមានការបំផ្លិចបំផ្លាញ និងមានអ្នកស្លាប់ច្រើនដោយសារជម្លោះនេះក៏ដោយ។
មេដឹកនាំហេសបូឡារូបនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលលីបង់បន្តការចរចាដោយប្រយោលជំនួសឲ្យការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដោយព្រមានរដ្ឋាភិបាលកុំឲ្យប្រកាន់ជំហរប្រឆាំងនឹងការតស៊ូ ឬធ្វើអ្វីដែលលោកពិពណ៌នាថា ជាសម្បទានដល់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕