ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថ្ងៃសៅរ៍ជាមួយមេដឹកនាំនៃប្រទេសមជ្ឈិមបូព៌ាជាច្រើន និងប៉ាគីស្ថាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានអំពាវនាវឲ្យពួកគេចូលរួមជាមួយកិច្ចព្រមព្រៀង Abraham ដើម្បីធ្វើឲ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានប្រក្រតីភាពឡើងវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប។

យោងតាមគេហទំព័រនេះ ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទនៅថ្ងៃទី ២៣ ខែឧសភា ជាមួយមេដឹកនាំនៃប្រទេសបារ៉ែន អេហ្ស៊ីប ហ្ស៊កដានី កាតា អេមីរ៉ាតអារ៉ាប់រួម ប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត និងទួរគី លោក ត្រាំ បានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីបញ្ចប់ជម្លោះអ៊ីរ៉ង់ ប្រទេសដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀង Abraham ឬមិនមានសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល នឹងធ្វើឲ្យទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងតែលអាវីវ (Tel Aviv) មានលក្ខណៈធម្មតាឡើងវិញ។

គេហទំព័រ Axios បានរាយការណ៍ថា តំណាងនៃប្រទេសកាតា ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ដែលមិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល មានការភ្ញាក់ផ្អើលចំពោះសំណើរបស់លោកប្រធានាធិបតីបច្ចុប្បន្ននៃសេតវិមាន។
មន្ត្រីអាមេរិកម្នាក់បានប្រាប់ Axios ថា៖«មានភាពស្ងៀមស្ងាត់សន្និសីទតាមទូរស័ព្ទនោះ ហើយលោក ត្រាំ បាននិយាយលេងសើច និងសួរថាតើពួកគេនៅមាននៅទីនោះឬអត់»។ មេដឹកនាំអាមេរិករូបនេះ បានកត់សម្គាល់ថា បេសកជនពិសេសរបស់លោកប្រធានាធិបតី គឺលោក Steve Witkoff និងសហគ្រិន Jared Kushner នឹងដោះស្រាយបញ្ហានៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងនេះ និងអ៊ីស្រាអែល នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕