ប្រភពព័ត៌មានពីនគរបាលបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនសកម្មប្រយុទ្ធ ១៦នាក់ បុគ្គលិកនគរបាលពីរនាក់ និងសមាជិកកងជីវពលពីរនាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្សមួយចំនួនទៀត រួមទាំងជនស៊ីវិល បានរងរបួស អំឡុងពេលប្រតិបត្តិការសន្តិសុខ នៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានស៊ីនហួថា នគរបាល និងកងកម្លាំងសន្តិសុខ បានបើកប្រតិបត្តិការស្វែងរក និងវាយប្រហារ បន្ទាប់ពីមានរបាយការណ៍អំពីវត្តមានរបស់ជបសកម្មប្រយុទ្ធ នៅក្នុងស្រុក Bannu កាលពីថ្ងៃសៅរ៍។

កងជីវពលសន្តិភាពក្នុងស្រុក ក៏បានចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ ប្រភពព័ត៌មាន បានបន្ថែមថា សមាជិកកងជីវពលពីរនាក់ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត រងរបួស នៅពេលដែលជនសកម្មប្រយុទ្ធ បានធ្វើការវាយប្រហារដោយយានដ្រូនក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ។
នគរបាលចំនួន ៨នាក់ ក៏បានរងរបួស នៅក្នុងការវាយប្រហារនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។
យោងតាមប្រភពព័ត៌មាន ប្រតិបត្តិការតាមស្វែងរកជនសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ បានបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ៕